ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាច្រើននាក់ត្រូវបានជម្លៀសខ្លួនចេញ ខណៈអគ្គីភ័យបានកំពុងឆាបឆេះចេញពីឃ្លាំងមួយ កន្លែងនៅភាគខាងលិចក្រុងម៊ែលប៊ន ប្រទេសអូស្តាលី

Afp

ស៊ីដនី៖ អ្នកស្រុកចំនួន ១៥០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈមានភ្លើងឆេះនៅព្រឹកព្រលឹមដែលបានឆាបឆេះចេញពីឃ្លាំងមួយកន្លែង នៅភាគខាងលិចនៃទីក្រុងម៊ែលប៊ននៅថ្ងៃសៅរ៍នេះ ។ ក្រុមសេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់កន្លែងមានភ្លើងឆេះ នៅផ្លូវ Spencer Street ភាគខាងលិចនៃទីក្រុងម៊ែលប៊ន (Melbourne) នៅរដ្ឋវីកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី នៅមុនម៉ោង ២ទៀបភ្លឺ ហើយបានរកឃើញឃ្លាំងមួយកន្លែងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

ក្រុមសង្គ្រោះអគ្គីភ័យវិកតូរីយ៉ា ហៅកាត់ថា (FRV) បានឲ្យដឹងថា អគ្គីភ័យត្រូវចំណាយពេល ហើយអ្នកពន្លត់អគ្គីភ័យ ៦០នាក់ដោយប្រើពេលអស់ជាង២ម៉ោង ដើម្បីគ្រប់គ្រងភ្លើងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យពិសេស រួមទាំងការបាញ់ពន្លត់ពីលើអាកាស ហើយផ្លូវ Spencer ត្រូវបានបិទមិនឱ្យធ្វើចរាចរក្នុងទិសដៅទាំង២ ។

យោងតាមក្រុម FRV បានឲ្យដឹងថា មនុស្សប្រហែល ១៥០នាក់ត្រូវបានជម្លៀសចេញពីអគារខ្ពស់ដែលនៅជាប់គ្នានោះ ហើយត្រូវបានអនុញ្ញាតឱ្យចូលមើលអាផាតមិនរបស់ពួកគេក្រោមការដឹកនាំរបស់ប៉ូលិស ខណៈកន្លែងស្នាក់នៅជំនួសត្រូវបានរៀបចំរួចរាល់ហើយដែរ ។

ប៉ូលិសប្រចាំរដ្ឋវិកតូរីយ៉ា បានឲ្យដឹងថា មិនមានរាយការណ៍ថា មានអ្នករបួសនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top