បរទេស ៖ យោងតាម ការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk គួរតែត្រូវបានស៊ើបអង្កេត ជុំវិញការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថាលោកបានទាក់ទង ជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្នុងនោះមានទាំងសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យកំពូលចំនួន២រូបផងដែរ។
លោកJack Reed ប្រធានគណៈកម្មាធិការកិច្ចការងារ ប្រដាប់អាវុធព្រឹទ្ធសភា និង Jeanne Shaheen សមាជិកជាន់ខ្ពស់ នៃគណៈកម្មាធិការទំនាក់ទំនង បរទេសបានលើកឡើងពីការព្រួយបារម្ភអំពីការចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងលិខិតមួយផ្ញើជូនអគ្គមេធាវីអាមេរិក Merrick Garland និងអគ្គអធិការកិច្ចមន្ទីរបញ្ចកោណ Robert Storch កាលពីថ្ងៃសុក្រ។
កាលពីខែតុលា នៅគ្រាដែលកំពុងមានសំពាធខ្ពស់ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក កាសែត Wall Street Journal បានអះអាងថា លោក Musk បានទាក់ទងជាមួយមន្ត្រីកំពូលៗរបស់រុស្ស៊ីជាច្រើននាក់ រួមទាំងលោកប្រធានាធិបតី Vladimir Putin ដូចកាលពីពេលថ្មីៗនិងក្នុងឆ្នាំកន្លងមកផង។
គួរឲ្យដឹងដែរថាលោកMuskគឺជាអ្នកគ្រប់គ្រងប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX ។ សមាជិកព្រឹទ្ធសភាបាននិយាយថា ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យាអះអាងថា រក្សាការបោសសំអាតសន្តិសុខកម្រិតសម្ងាត់កំពូល និងគ្រប់គ្រងកិច្ចសន្យារដ្ឋាភិបាលដែលមានភាពរសើបខ្លាំង ការទំនាក់ទំនងដ៏មានសក្តានុពលរបស់គាត់ជាមួយរុស្ស៊ី គឺជាហានិភ័យទៅវិញសម្រាប់អាមេរិក។
គួរឲ្យដឹងដែរថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរិះគន់ការអះអាងមុនការបោះឆ្នោត WSJ អំពីការហៅទូរស័ព្ទរបស់មហាសេដ្ឋីជាមួយលោក Putin ថាជាព័ត៌មានមិនពិតហើយលោកបានបន្តថា តាមដែលជាក់ស្តែងគឺមានការសន្ទនាគ្នា តែមួយគត់រវាងអ្នកទាំងពីរ ៕
ប្រែសម្រួល៖ស៊ុនលី