ព័ត៌មានអន្តរជាតិ

មនុស្សចំនួន ៨នាក់ស្លាប់ និង ១៧នាក់បានរងរបួសនៅក្នុងពេលវាយប្រហារគ្នា ដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតនៃប្រទេសចិន

CNA

ប៉េកាំង៖ មនុស្សចំនួន ០៨នាក់បានស្លាប់ និងចំនួន ១៧នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសៅរ៍ ក្នុងពេលវាយប្រហារគ្នាដោយកាំបិតនៅឯសាលាវិជ្ជាជីវៈមួយកន្លែង នៅភាគខាងកើតនៃប្រទេសចិន ហើយជនសង្ស័យជាអតីតសិស្សម្នាក់ត្រូវបានចាប់ខ្លួនផងដែរ ។ ប៉ូលិសប្រចាំនៅទីក្រុង Yixing បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងនៅពេលល្ងាចនៅឯវិទ្យាស្ថានសិល្បៈ និងបច្ចេកវិទ្យាវិជ្ជាជីវៈ ឈ្មោះថា Wuxi ក្នុងទីក្រុង Yixing នៅខេត្ត Jiangsu ។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យជាអតីតសិស្សសាលាអាយុ ២១ឆ្នាំដែលចង់បញ្ចប់ការសិក្សានៅក្នុងឆ្នាំនេះ ប៉ុន្តែបានប្រឡងធ្លាក់ ។

ប៉ូលិសបានបញ្ជាក់ថា “គាត់បានត្រលប់ទៅសាលារៀនវិញ ដើម្បីបញ្ចេញពីកំហឹងរបស់គាត់ហើយបានធ្វើឃាតកម្មទាំងនេះឡើង” ដោយបានបន្ថែមថា ជនសង្ស័យបានសារភាពទោសរួចហើយដែរ ។

យោងតាមគេហទំព័ររបស់ប៉ូលិសបានឱ្យដឹងថា សាលានេះមានសិស្សប្រហែល ១២.០០០នាក់មកពីជុំវិញពិភពលោក ស្ថិតនៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងសៀងហៃ ។

សាលានេះផ្តល់ជូននូវវគ្គសិក្សាផ្នែកសិល្បៈ ការរចនា សេរ៉ាមិច និងម៉ូដ ក្នុងចំណោមកម្មវិធីផ្សេងៗទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top