ឌូបៃ៖ កាលពីថ្ងៃសៅរ លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបដិសេធយ៉ាងដាច់អហង្ការចំពោះជំនួបរវាងបេសកជនអង្គការសហប្រជាជាតិរបស់ទីក្រុងតេហរ៉ង់ និងលោក Elon Musk មហាសេដ្ឋីរបស់សហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ។
លោក Araqchi ក៏បានព្រមានថា អ៊ីរ៉ង់ ត្រូវបាន “ត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា ឬកិច្ចសហប្រតិបត្តិការ” នៅក្នុងជម្លោះរបស់ខ្លួនជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរនៃអង្គការសហប្រជាជាតិ ហៅកាត់ថា IAEA និងបណ្តាប្រទេសលោកខាងលិចនៅក្នុងស្ថាប័នជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
លោក Araqchi បានថ្លែងថា “នេះ (កិច្ចប្រជុំដែលបានរាយការណ៍) គឺជារឿងប្រឌិតដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ហើយហេតុផលនៅពីក្រោយរឿងនេះក៏អាចត្រូវបានគេប៉ាន់ស្មានបានដែរ” ដោយបានបញ្ជាក់ឡើងវិញនូវការបដិសេធនៅមុននេះដោយក្រសួងការបរទេសអ៊ីរ៉ង់ ។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Musk ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ។
លោក Araqchi បានបញ្ជាក់ថា “តាមគំនិតរបស់ខ្ញុំ ការប្រឌិតរបស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកអំពីជំនួបរវាងលោក Elon Musk និងតំណាងរបស់ប្រទេសអ៊ីរ៉ង់ គឺជាទម្រង់នៃការសាកល្បងដែនទឹក ដើម្បីមើល ថាតើ ដីសម្រាប់ចលនាបែបនេះមានឬយ៉ាងណា” ។
លោក Araqchi បានលើកឡើងថា “យើងនៅតែរង់ចាំរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីគោលនយោបាយរបស់ខ្លួន ហើយផ្អែកលើនោះ យើងនឹងកែសម្រួលគោលនយោបាយផ្ទាល់ខ្លួនរបស់យើង ។ នៅពេលនេះ វាមិនមែនជាពេលវេលាសម្រាប់កិច្ចប្រជុំបែបនេះ ហើយក៏មិនសមរម្យដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា