ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានប្រារព្ធពិធីដង្ហែរក្បួនយ៉ាងអាធឹកធមដើម្បីអបអរសាទរដល់ក្រុមកីឡាករទូក ង ដែលបានទៅចូលរួមប្រគួតប្រជែងរហូតដណ្តើមបានជ័យលាភីពានរង្វាន់លេខ ១ លេខ ៦ និង លេខ ២៧ ក្នុងព្រឹត្តិការប្រណាំងទូកថ្នាក់ជាតិនៅរាជធានីភ្នំពេញនាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ពិធីដង្ហែរក្បួនអបអរសាទរត្រូវបានធ្វើឡើងចាប់ពីចំនុចក្បាលស្ពានថ្ម ផ្លូវ ១០១ ដល់មុខសាលាខេត្ត និង បន្តដង្ហែរទៅកាន់វត្តកែវវិជ័យដោយបានការនិមន្ត និង អញ្ជើញចូលរួមពីព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណះថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា,ព្រះពោធិវង្សាវិមល ព្រះមេគុណខេត្ត និង ជាព្រះចៅអធិការវត្តកែវវិជ័យ ,លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់។
សម្រាប់ខេត្តពោធិ៍សាត់មានទូក ង ចំនួន ៣ គ្រឿងដែលបានបញ្ជូនអោយទៅចូលរួមប្រគួតប្រជែងនៅរាជធានីភ្នំពេញហើយទទួលបានជ័យលាភីជូនខេត្តរួមមាន÷
ទី១-ទូក ង ឈ្មោះតេជោកែវវិជ័យបារមីចៅសែន ជាទូករបស់លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ ១ ដែលមានល្បឿនលឿនជាងគេទូទាំងប្រទេស។
ទី ២-ទូក ង ឈ្មោះរាំងទឹលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង ជាទូករបស់អ្នកឧកញ៉ាទ្រី ភាព ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលបានជ័យលាភីលេខ ៦ ។
ទឺ៣-ទូក ង ឈ្មោះតេជោសែនជ័យបារមីឃ្លាំងមឿង ជាទូករបស់លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និង លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ ២៧ ៕