ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋបាលចូល ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រសិនបើប្រទេសនេះមិនចាត់ទុក ប្រទេសចិនជាសត្រូវ។
នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ ពួកគេនៅប្រទេសប៉េរូ លោក ស៊ី បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខ ទោះបីជាមានការកើនឡើង និងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះក៏ដោយ ប្រទេសទាំងពីរគួរតែចាត់ទុកគ្នា ទៅវិញទៅមកជាដៃគូ និងជាមិត្ត។
លោកបានប្រាប់លោក បៃដិន នៅក្នុងសុន្ទរកថាបើករបស់លោក ដែលហាក់ដូចជាមានបំណងសំដៅលើលោក ត្រាំ ថា “ប៉ុន្តែប្រសិនបើយើងយកគ្នា ទៅវិញទៅមកជាគូប្រជែង ឬសត្រូវ បន្តការប្រកួតប្រជែងដ៏សាហាវ ហើយស្វែងរកការធ្វើឱ្យប៉ះពាល់ ដល់គ្នាទៅវិញទៅមក យើងនឹងធ្វើឱ្យខូចទំនាក់ទំនង ឬសូម្បីតែកំណត់វាឡើងវិញ” ។
ដោយកត់សម្គាល់ថាគោលដៅរបស់ចិន ក្នុងការស្វែងរកទំនាក់ទំនងស្ថិរភាព និងមានសុខភាពល្អជាមួយ សហរដ្ឋអាមេរិកនៅដដែលនោះ លោក បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា។
ដោយមិនដាក់ឈ្មោះចំទៅលើលោក ត្រាំ លោកបានព្រមានថាប្រទេសទាំងពីរគួរតែ “ធ្វើការជ្រើសរើសប្រកបដោយប្រាជ្ញា” និង “បន្តស្វែងរកផ្លូវត្រូវ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កិច្ចប្រជុំនេះបានធ្វើឡើងជាមួយនឹងលោក បៃដិន ដែលកំពុងរៀបចំ ដើម្បីប្រគល់អំណាចបន្ត ទៅអតីតប្រធានាធិបតី ដែលគ្រោងនឹងវិលទៅកាន់សេតវិមានវិញ បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងដាច់អហង្ការ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ៕
ប្រែសម្រួល ឈូក បូរ៉ា