តូក្យូ៖ ប្រទេសជប៉ុន និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជួយសម្រួលដល់ការ ផ្លាស់ប្តូរព័ត៌មានសន្តិសុខ ដែលបានចាត់ថ្នាក់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ចំពេលមានសង្រ្គាមដ៏រ៉ាំរ៉ៃរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដែលឥឡូវនេះពាក់ព័ន្ធនឹងកងទ័ពកូរ៉េខាងជើង ចូលរួមប្រយុទ្ធថែមទៀត។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya ដែលបានធ្វើទស្សនកិច្ច ដោយមិនប្រកាសនៅទីក្រុងគៀវ នៅមុនថ្ងៃនោះ និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានចូលរួមក្នុងពិធីមួយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។
លោក Iwaya បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងទ្វេភាគីស្តីពី សន្តិសុខព័ត៌មាននឹងក្លាយជា “មូលដ្ឋាន” សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ រវាងរដ្ឋាភិបាលទាំងពីរ។
កាលពីខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសទាំងពីរបានឈានដល់ កិច្ចព្រមព្រៀងមួយ “ជាគោលការណ៍” លើកតិកាសញ្ញាសន្តិសុខព័ត៌មាន នៅពេលដែលពួកគេបាន ជួបគ្នានៅទីក្រុងញូវយ៉ក។
លោក Iwaya ក៏បានយល់ស្របជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha ដើម្បីចាប់ផ្តើមកិច្ចសន្ទនា គោលនយោបាយសន្តិសុខកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងមន្ត្រីការបរទេស និងការពារជាតិជាន់ខ្ពស់ ដែលលោកបាននិយាយថា មានគោលបំណងជំរុញការ សម្របសម្រួលការពារជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា