ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានផ្ញើដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវពង្រឹង និងធ្វើការឆែកឆេរយ៉ាងម៉ឺងម៉ាត់រាល់យកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ ពិសេសលុបបំបាត់នូវការនាំចូលទូរសព្ទ និងគ្រឿងញៀន។
ការលើកឡើងរបស់ លោកឧត្តមអគ្គានុរក្សលេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូនប្រធានស្តីទី ពន្ធនាគារខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោកអគ្គនាយក មានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីក្រោមឱវាទទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំ ដូចខាងក្រោម៖
១. ត្រូវធ្វើការពង្រឹង និងធ្វើការឆែកឆេរយ៉ាងម៉ឺងម៉ាត់រាល់យកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ ជាពិសេសត្រូវធ្វើការលុបបំបាត់នូវការនាំចូលទូរសព្ទ និងគ្រឿងញៀន។
២. បន្តលើកកម្ពស់ក្នុងការស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋាននានា ជាពិសេសច្បាប់របស់អគ្គនាយកដ្ឋានពន្ធនាគារ។
៣. ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ធនធានរបស់មន្រ្តីទាំងចំណេះជំនាញហើយ ធ្វើលើកទឹកចិត្តដល់មន្ត្រីឲ្យទៅរៀននៅវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីពង្រឹងសមត្ថភាព។
សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ទេស សាឡាត់ អនុប្រធានពន្ធនាគារខេត្តកោះកុង ត្រូវបានប្រគល់ភារកិច្ចជាប្រធានស្តីទី ពន្ធនាគារខេត្តកោះកុង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសនោះ លោក អគ្គនាយក និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ បានចូលត្រួតពិនិត្យស្ថានភាពជនជាប់ឃុំ ហេដ្ឋានរចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារក្នុងពន្ធនាគារខេត្តកោះកុងផងដែរ៕