ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហេង សួរ សង្ឃឹមថាក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគនៅកម្ពុជា ទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ដឹកនាំដោយលោក តាកាហាស៊ី ហ្វូមីយ៉ាគិ (TAKAHASHI Fumiaki) ប្រធានសមាគម JCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គណៈប្រតិភូរបស់ JCA បានជម្រាបជូនលោករដ្ឋមន្ត្រី ពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជាសមាជិករបស់ JCA ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននៅកម្ពុជា។

លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ​ចំពោះភាពជោគជ័យនៃដំណើការរបស់សមាគម JCA ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យផ្សេងៗ រួមទាំងសេវាថែទាំរថយន្ត ការថែទាំ និងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏អរគុណចំពោះសមាគមដែលអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជា អាចចូលជាសមាជិករបស់សមាគមបានដូចទៅនឹងក្រុមហ៊ុនជប៉ុនដែរ។

លោករដ្ឋមន្ត្រី សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា និងស្វែងយល់ពីឱកាសវិនិយោគ និងសក្តានុពលរបស់កម្លាំងពលកម្មកម្ពុជា ជាពិសេសទទួលយកកម្មសិក្សាការី/ពលករជំនាញពីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីយ៉ាគិ សង្ឃឹមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តផ្តល់ការសម្របសម្រួលនិងកិច្ចសហការនានា សម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដើម្បីអាចបង្កើតឱកាសការងារ កាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនេះលោកជឿជាក់ថា នឹងមានក្រុមហ៊ុន រោងចក្រជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជាតាមរយៈការវិនិយោគផងដែរ៕

To Top