ព័ត៌មានអន្តរជាតិ

ថៃ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសថៃវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥

AFP

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រំពឹងថា ប្អូនស្រីរបស់លោកដែលជា អតីតនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួន គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងត្រឡប់មកប្រទេសថៃវិញនៅអំឡុងខែមេសា ឆ្នាំក្រោយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ បានរាយការណ៍រឿងនេះដោយផ្អែក លើបទសម្ភាសន៍ផ្តាច់មុខរបស់ខ្លួនជាមួយលោក ថាក់ស៊ីន នៅក្នុងខេត្ត Udon Thani កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោក ថាក់ស៊ីន ត្រូវបានគេដកស្រង់សម្តីថា លោកស្រីយីងឡាក់ គួរតែអាចវិលត្រឡប់មកកាន់ពិធី បុណ្យសង្ក្រាន្តនៅខែមេសាឆ្នាំក្រោយ។

លោក ថាក់ស៊ីន បាននិយាយនៅក្នុងសេចក្តីរាយការណ៍នោះថា លោកមើលមិនឃើញមានឧបសគ្គចំពោះ ការវិលត្រឡប់មកវិញរបស់លោកស្រី យីងឡាក់ ចូលមកប្រទេសថៃវិញនោះទេ ហើយលោកស្រីអាចនឹងត្រលប់មកវិញមុនពិធីបុណ្យ Songkran អាស្រ័យលើពេលវេលា និងឱកាស។

កាលពីខែមេសា លោក ថាក់ស៊ីន ធ្លាប់បាននិយាយនៅខេត្តឈៀងម៉ៃ ដែលជាស្រុកកំណើតរបស់លោកថា លោកស្រី យីងឡាក់ អាចនឹងវិលត្រឡប់មកវិញមុនដំណាច់ឆ្នាំនេះ។ លោកស្រីត្រូវបានគេឃើញចុងក្រោយ ជាសាធារណៈកាលពីប្រាំពីរឆ្នាំមុន។

សូមរំលឹកថា នាយកដ្ឋានព្រហ្មទណ្ឌ សម្រាប់ប្រជាជនក្នុងមុខតំណែងនយោបាយ របស់តុលាការកំពូល ក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ បានកាត់ទោសលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទបរាជ័យក្នុងការបញ្ឈប់ការ លក់អង្កររបស់រដ្ឋាភិបាល និងអំពើពុករលួយពីគម្រោងសន្យាទិញស្រូវ របស់រដ្ឋាភិបាលលោកស្រី។

លោកស្រីយីងឡាក់ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនចេញពីប្រទេស ទៅជួបលោកថាក់ស៊ីន នៅទីក្រុងឌូបៃ មុនពេលដែលតុលាការ ចេញសេចក្តីសម្រេចរបស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top