កំពង់ធំ: បន្ទាប់ពីទទួលបានដំណឹង ដ៏សែនក្រៀមក្រំ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង បានចាត់ឱ្យលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក និងក្រុមការងារ នាំយកថវិកាផ្ទាល់ខ្លួន ទៅចូលរួមរំលែកទុក្ខដល់សពកុមារ ដែលលង់ទឹកស្រះចំនួន ៣នាក់ ស្ថិតនៅចំណុចស្រះរណ្តៅអាអិច ភូមិសែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា សពកុមារទាំង ៣នាក់ស្លាប់ ដោយសារលង់ទឹកស្រះមានឈ្មោះ÷ ១.ឈ្មោះ ផល្លី ឌីណែត ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស។ ២.ឈ្មោះ សុវណ្ណ កណ្ណិកា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស។៣.ឈ្មោះ ធន់ ធារ៉ា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំង០៣ នាក់ រស់នៅភូមិសែនសេរី ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ មូលហេតុចេញមកពីសាលារៀនវិញ នាំគ្នាចុះលេងទឹកស្រះបណ្ដាលឱ្យលង់ស្លាប់ទាំង០៣នាក់តែម្ដង។
លោកវរសេនីយ៍ឯកអធិការនគរបាលស្រុកសន្ទុក បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះកុមារ០៣នាក់ ដែលមរណភាពដោយលង់ទឹកស្រះអាអិច ដោយពួកគាត់នៅក្មេងខ្ចី មិនទាន់ដឹងខុសត្រូវអ្វីនៅឡើយ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយ ក្រៃលែង ចំពោះមរណភាពរបស់កុមារ០៣នាក់ គឺជាការបាត់បង់កូនជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយមានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា។ សូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធកុមារទាំង០៣នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារទទួលនូវការចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំនេះ។
សូមបញ្ជាក់ផងដែរថា ថវិកាដែលត្រូវចូលរួមរំលែកទុក្ខដល់គ្រួសារសពកុមារ ៣នាក់ ដែលមរណៈភាពដោយលង់ទឹកស្រះ ក្នុង១គ្រួសារទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ដែលជាថវិការផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង ផងដែរ៕ ដោយសំនៀង