ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បង្ហាញកង្វល់ ជុំវិញការសុំពន្លឿននៃការប្រគល់ប្លង់កម្មសិទ្ធិដីធ្លី ការ សុំតបណ្តាញទឹកស្អាតចូល សុំធ្វើផ្លូវ ដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារប្រព័ន្ធលូ ជាដើម។
ការស្នើសុំពីសំណាក់ពលរដ្ឋនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។
ក្នុងវេទិកានោះ ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងពង្រ បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានលឿន។ ប្រជាពលរដ្ឋនៅសង្កាត់កាំងពង្រដូចគ្នា ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគន៍ តបណ្តាញទឹកស្អាតចូលក្នុងបុរីសាំលែន។ សុំធ្វើផ្លូវ២ខ្សែ ព្រមទាំងសុំដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារលូ នៅបឹងតាម៉ាត ជាមួយនិងការសុំផ្តល់ព័ត៌មានជុំវិញ គម្រោងសាងសង់ស្ថានីយ៍បូមទឹកបឹងតាម៉ាតជាដើម។
ជាការឆ្លេីយតប លោក ឯក ឃុន ដឿន បានលេីកឡេីងថា រាល់សំណើនិងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋ បានដោះស្រាយជូនភ្លាមៗ ដោយឡែកចំពោះអ្វីដែលមិនទាន់ដោះស្រាយបាន ជមួយនឹងការស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ។
លោក ឯក ឃុនដឿន ក៏បានលើកឡើងទៀតថា ប្រជាពលរដ្ឋនៅខណ្ឌដង្កោ សំណាងណាស់ដោយបានទទួលកាដូដ៏ធំមួយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នោះគឺ ការផ្តល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន រំដោះទឹកចេញពីរាជធានីភ្នំពេញ ពិសេសនៅខណ្ឌដង្កោនេះតែម្តង នៅឆ្នាំ២០២៧ អ្នកដង្កោនឹងអស់ការព្រួយបារម្ភ ពីការលិចលង់ទៀត។
ក្នុងឱ្យកាសនោះដែរលោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានគោលបំណងស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីបានដឹង ហើយដោះស្រាយជូន។ ដូច្នេះលោកសំណូមពរថា អ្វីជាកង្វល់របស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់យើងនីមួយៗ ត្រូវបកស្រាយបានឱ្យច្បាប់លាស់ ដើម្បីប្រជាពលរដ្ឋលោកបានយល់៕