ភ្នំពេញ៖ តាមរយៈជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនជប៉ុន ចំនួន២៦ ដឹកនាំដោយលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម ។
ក្នុងជំនួបខាងលើនេះ លោកតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា រាយការណ៍ជូនសម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងារ របស់សមាគម ក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែក ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។
លោកប្រធានសមាគម បានជម្រាបជូនសម្ដេចធិបតី ថា សមាគម ក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។
លោកប្រធានសមាគម ក៏បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា នាឱកាសនេះ មានក្រុមហ៊ុនជប៉ុន ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យមួយចំនួន ដូចជា ៖ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។
ជាងនេះទៅទៀត លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយ អំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។
សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។
បន្ថែមលើនេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចធិបតី បានលើកទឹកចិត្ត ឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ ស្របទៅនឹងតម្រូវការជាក់ស្តែងផងដែរ៕