ហ្គាហ្សា៖ មនុស្ស ២០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការសន្តិសុខមួយនៅភាគខាងកើតនៃទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលត្រូវបានគាំទ្រដោយក្រុមហាម៉ាស់ និងក្រុមជនអន្ធពាល ដែលត្រូវបានចោទប្រកាន់ពីបទលួចរថយន្តដឹកជំនួយ ចូលទៅកាន់តំបន់ហ្គាហ្សា នេះបើយោងតាមប៉ុស្តិ៍ទូរទស្សន៍ Al-Aqsa របស់ក្រុមហាម៉ាស់។
ប្រភពនៅក្នុងអាជ្ញាធរក្នុងតំបន់បានប្រាប់ទូរទស្សន៍ Al-Aqsa ថា ប្រតិបត្តិការនេះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការកុលសម្ព័ន្ធ គឺជាការចាប់ផ្តើមនៃយុទ្ធនាការសន្តិសុខដ៏ទូលំទូលាយមួយ ដែលផ្តោតលើអ្នកដែលពាក់ព័ន្ធក្នុងការលួចរថយន្តជំនួយ។ ប្រភពបានឲ្យដឹងថា យុទ្ធនាការ “មិនកំណត់គោលដៅកុលសម្ព័ន្ធជាក់លាក់ណាមួយនោះទេ ប៉ុន្តែមានគោលបំណងលុបបំបាត់បាតុភូតនៃការលួចរថយន្ត ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ និងបណ្តាលឱ្យមានស្ថានភាពដូចជាគ្រោះទុរ្ភិក្សនៅភាគខាងត្បូងហ្គាហ្សា”។
ប្រភពក្នុងស្រុក និងសាក្សីដែលឃើញផ្ទាល់ភ្នែកបានប្រាប់កាសែតស៊ិនហួថា ពួកគេបានឮស្នូរការបាញ់កាំភ្លើង និងការផ្ទុះយ៉ាងខ្លាំងក្នុងអំឡុងពេលប្រតិបត្តិការ ដែលមានរយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់ព្រំដែនភាគខាងកើតនៃទីក្រុងរ៉ាហ្វា។ ពួកគេបានប្រាប់ស៊ីនហួថា ប្រតិបត្តិការនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពី “ក្រុមជនពាល” បានរឹបអូសរថយន្តជំនួយរាប់សិបគ្រឿង ជាពិសេសរថយន្តដឹកម្សៅ ដែលបណ្តាលឱ្យមានការខ្វះខាតយ៉ាងខ្លាំង និងការមិនសប្បាយចិត្តជាសាធារណៈ។
កាលពីថ្ងៃច័ន្ទផងដែរ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ១០៩ គ្រឿងដែលដឹកស្បៀងអាហារត្រូវបាន “ចោរលួច” យ៉ាងឃោរឃៅកាលពីថ្ងៃសៅរ៍ បន្ទាប់ពីចូលដល់តំបន់ហ្គាហ្សា ដូចជា ៩៧គ្រឿងនៃរថយន្តដឹកទំនិញរបស់ខ្លួនត្រូវបានបាត់បង់ ហើយអ្នកបើកបរត្រូវបានគេភ្ជង់នឹងកាំភ្លើង ដើម្បីទម្លាក់ជំនួយចេញពីរថយន្ដ៕
ប្រែសម្រួល ឈូក បូរ៉ា