ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ វិមាន ៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើការពង្វាងចរាចរ នៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ បានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតសន្និសីទ អន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅវិមាន ៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
ដើម្បីឱ្យការរៀបចំមហាសន្និបាត សន្និសីទអន្តរជាតិ ខាងលើ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រារព្ធពិធីខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរមមាញឹកខ្លាំង៕