ភ្នំពេញ៖ ក្នុងសេចក្តីថ្លែងការណ៍ ក្នុងសន្និសីទលើកទី២៩ នៃបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP29) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសសំខាន់ៗ បង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងកំណត់គោលដៅប្រកបដោយមហិច្ឆិតា ចូលរួមថវិកាឱ្យលើសពី ១០០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីប្រយទ្ធនឹងការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការដឹងគុណចំពោះប្រទេសអាហ្សែបៃហ្សង់ និងលេខាធិការដ្ឋាន UNFCCC ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ។ លោក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តី បន្តថា «ទោះបីកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ពីផលប៉ះពាល់ដោយសារអាកាសធាតុ ដូចជាទឹកជំនន់ រលកកម្ដៅ ការរិចរិលដី និងភាពងាយរងគ្រោះកាន់តែខ្លាំង ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ»។
លោកបានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជា រួមទាំងការប្តេជ្ញាចិត្តនៅក្នុងឆ្នាំ២០២០ របស់ខ្លួនដែលបានធ្វើបច្ចុប្បន្នភាពការរួមចំណែកផែនការជាតិ (NDC) និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលកំពុងបន្ត រួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទូទាំងប្រទេស ដែលមានការចូលរួមពីប្រជាពលរដ្ឋជាង ៩,៧លាននាក់ ចំនួននេះ មានជាងពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញយុទ្ធនាការ“កម្ពុជាបៃតង” ដោយចាប់ផ្តើមជាមួយនឹងការដាំដើមឈើជាងមួយលានដើមក្នុងឆ្នាំ២០២៤នេះ និងពង្រីកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអនុម័តរបស់កម្ពុជានូវសៀវភៅណែនាំប្រតិបត្តិការមាត្រា៦ថ្មី ដើម្បីពង្រីកឱកាសទីផ្សារកាបូន ក្នុងវិស័យចំនួនប្រាំមួយគឺ ថាមពល ឧស្សាហកម្ម សារធាតុរំលាយ កសិកម្ម ព្រៃឈើ និងសំណល់ សំរាម។ ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់សម្រាប់សកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ទាំងអស់គ្នា គឺត្រូវតែធានាបាននូវហិរញ្ញវត្ថុអាកាសធាតុ ដើម្បីអនុវត្ត ផែនការជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាគីដែលស្ថិតក្រោមប្រភេទ LDC និង SIDS” ដោយសំដៅឱ្យប្រទេសអភិវឌ្ឍន៍តិចតួច រដ្ឋកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗ៕