ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ចាត់ទុកសម្ដេចតេជោគឺមិនមែនត្រឹមតែ ជាមេដឹកនាំសម្រាប់កម្ពុជា

ភ្នំពេញ៖ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) បានចាត់ទុក សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំ សម្រាប់តំបន់និងពិភពលោកផងដែរ។

ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស លោកបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍ និងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយលោកបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ លោកក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរ ពិតប្រាកដ របស់ប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត​ បានកោតសរសើរនូវសមិទ្ធផល យ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួល ជាមួយប្រទេសជាសមាជិក៩ផ្សេងទៀត នៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្ត ជាសមាជិក បន្ទាប់ពីបានដាក់សំណើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេ និងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើង ខាងសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី លោកប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនិងរក្សាសន្តិភាព​នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេស របស់លោកកន្លងមក។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណ ចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ ដោយសម្ដេចតេជោបញ្ជាក់ថា នឹងរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅទីម័រឡេស្តេសាជាថ្មី។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជា សមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោ ក៏បានរំលឹកផងដែរថា សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេ រាល់ពេលកិច្ចប្រជុំនានាជាពិសេស នៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយក សម្ដេចតេជោ ក៏បានថ្លែងផងដែរពីការជួយជំរុញឱ្យទីម័ឡេស្តេ បានចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាតបានទះដៃគាំទ្រយ៉ាងខ្លាំង។

សម្ដេចតេជោ ក៏បានរំលឹកបន្ថែមទៀតថានៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចបានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេ ចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់វេទិកាទាំងអស់។ ហើយថ្មីៗនេះ កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ានពេញលេញផងដែរ។

សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាន នៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានសមរម្យតាមតម្រូវការផងដែរ។

សម្ដេចតេជោក៏បានលើកឡើង ពីហេតុផលដែលសម្ដេចបានដកខ្លួនពីនាយករដ្ឋមន្ត្រី ហើយប្រគល់តំណែងនិងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះគឺដើម្បីដោះដូរ ជាមួយនឹងសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាបន្តទៅមុខ៕

To Top