ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចតែងតាំងលោក ហួត ហាក់ ជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេស «គ.អ.ច.ទ»។

បើតាមសេចក្ដីកែសម្រួល បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិទូទាំងប្រទេស “គ.អ.ច.ទ” ជំនួសលោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

To Top