ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើមបាញ់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកជាច្រើនគ្រាប់ ទៅលើតំបន់ Bryansk របស់ប្រទេសរុស្ស៊ី

RT News

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកជាច្រើនគ្រាប់ ទៅលើតំបន់ Bryansk របស់ប្រទេសរុស្ស៊ី ដែលមួយចំនួនត្រូវបានស្ទាក់ចាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden តាមសេចក្តីរាយការណ៍បានអនុញ្ញាតឱ្យ ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក សម្រាប់ការវាយប្រហារយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន។ ទីក្រុងមូស្គូធ្លាប់បាននិយាយថា ការវាយប្រហាររយៈចម្ងាយឆ្ងាយ ជាមួយសព្វាវុធរបស់លោកខាងលិច នឹងបង្កើតជាសង្គ្រាមផ្ទាល់រវាងណាតូ និងរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍ ទីក្រុងកៀវបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយចំនួន៦គ្រាប់ ដែលត្រូវបានកំណត់ថា ជា មីស៊ីល ATACMS កាលពីព្រឹកថ្ងៃអង្គារ។ មីស៊ីល៥គ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir ខណៈដែលមួយគ្រាប់ទៀតត្រូវបានខូច និងបានបុកដីនៅឯទីតាំងយោធារុស្ស៊ីក្នុងតំបន់ Bryansk បណ្តាលឱ្យមានអគ្គីភ័យដែល ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ យោធារុស្ស៊ីបានអះអាងថា មិនមានការខូចខាតណាមួយ កើតឡើងដោយឧបទ្ទវហេតុនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនមុននេះ បានរាយការណ៍ថា ក្រុងគៀវ បានបាញ់មីស៊ីល ATACMS ចូលទៅក្នុងទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាលើកដំបូងក្នុងអំឡុងពេលមានជម្លោះ ដោយបានបញ្ចេញវីដេអូដែលបង្ហាញពីការបាញ់បង្ហោះ។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា បានផ្តោតលើឃ្លាំងរំសេវមួយនៅក្នុងតំបន់ Bryansk ទោះបីជាមន្ត្រីយោធានៅទីក្រុងគៀវ មិនបានបញ្ជាក់ពីការអះអាងក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top