ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា គោលលទ្ធិនុយក្លេអ៊ែរ ដែលត្រូវបានកែសម្រួល របស់ទីក្រុងមូស្គូ បង្ហាញពីលទ្ធភាព នៃការឆ្លើយតបដោយ អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងគៀវ ប្រើប្រាស់មីស៊ីលដែលផលិត ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ។
លោកបានលើកឡើងថា “សហព័ន្ធរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពានប្រឆាំង នឹងប្រទេសរបស់ខ្លួន ឬសាធារណរដ្ឋបេឡារុស្ស ជាមួយនឹងការប្រើប្រាស់អាវុធធម្មតា ក្នុងវិធីដែលបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព ឬទឹកដីរបស់ពួកគេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុម័តលើគោលលទ្ធិនុយក្លេអ៊ែរ ដែលបានធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ីកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា រុស្ស៊ីនឹងចាត់ទុកការប្រើប្រាស់កាំជ្រួចមិនមែននុយក្លេអ៊ែររបស់លោកខាងលិច ដោយអ៊ុយក្រែន ជាការវាយប្រហារដោយរដ្ឋមិនមែននុយក្លេអ៊ែរ ដោយមានការគាំទ្រពីរដ្ឋ នុយក្លេអ៊ែរប្រឆាំងនឹងប្រទេសនេះ ដែលអាចបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយទីក្រុងម៉ូស្គូ។
លោក Peskov បានបញ្ជាក់ថា គោលលទ្ធិគូសបញ្ជាក់ថា “ការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដោយរដ្ឋមិនមែននុយក្លេអ៊ែរណាមួយដែលមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ” នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហាររួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា