ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីគម្រោងសិក្សាផ្លូវរថភ្លើង ពីក្រុងសៀមរាបភ្ជាប់ពី ចំណុចផ្លូវឃ្យុងយូឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដែលមានប្រវែងប្រមាណ ១៣គីឡូម៉ែត្រ ដើម្បីជួយសម្រួលបន្ថែមដល់ ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំកំពុងឱ្យសិក្សាមួយខ្សែទៀត ទី១គឺបានសិក្សាហើយផ្លូវរទេះភ្លើង ពីព្រលានយន្តហោះទៅក្រុង តែខ្ញុំឱ្យសិក្សាមួយខ្សែទៀតខ្លីតពីផ្លូវឃ្យុងយូ ដែលមានស្រាប់តែធ្វើថ្មីតែ ១៣គីឡូ(ម៉ែត្រ)គត់ តពីផ្លូវក្នុងដែលមានស្រាប់ បុកពីកន្លែងផ្លូវកាច់ហ្នឹងឡើងទៅបន្ទាយស្រី។ បុក១៣គីឡូ(ម៉ែត្រ) ឡើងទៅព្រលានយន្តហោះរបស់ចិន។ យើងបើកច្រកអាហ្នឹងមួយទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋយើង និងផ្លូវទៅព្រលានយន្តហោះសៀមរាបឱ្យកាន់តែធូរ»។
ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តីក៏បាននិងកំពុង ដាក់កំហិតឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែកនៅត្រឹមដំណាច់ឆ្នាំ ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងវិស័យជំរុញភស្តុភាកម្ម។
សម្ដេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការពង្រីកផ្លូវជាតិលេខ៦ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពង្រីកលទ្ធភាពធ្វើដំណើររបស់ពលរដ្ឋ។
ទាក់ទងនឹងគម្រោង សង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន CRBCរបស់ចិន វិនិយោគសាងសង់ ដោយបច្ចុប្បន្ន ក្រុមហ៊ុននេះ បានបញ្ចប់ការសិក្សាហើយ និងកំពុងរៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន ដើម្បីដាក់ជូនរាជរដ្ឋាភិបាល។
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ប្រវែងប្រមាណ ៤២០គីឡូម៉ែត្រ ចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ការសាង់សង់ នឹងត្រូវបានចែកចេញជាពីរជំហាន ដោយជំហាន១ ភ្នំពេញ-សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២,៥ពាន់លានដុល្លារ។ ចំណែកជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥១គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ១,៧ពាន់លានដុល្លារ៕