បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលផុតអាណត្តិបានសម្រេចចិត្តថា នឹងលុបបំណុលចំនួន ៤,៧ ពាន់លានដុល្លារ នៅក្នុងប្រាក់កម្ចីដែលប្រមូលដោយអ្នកជាប់ពន្ធ ដល់អ៊ុយក្រែន ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ទូលំទូលាយដើម្បីជំរុញដល់ទីក្រុងគៀវ មុនពេលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងនៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ សភាអាមេរិកបានអនុម័តកញ្ចប់ជំនួយជាង ១៧៤ ពាន់លានដុល្លារដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ ប្រាក់ពិសេសចុងក្រោយដែល ត្រូវបានអនុម័តក្នុងខែមេសា រួមបញ្ចូលទាំងជាង ៩,៤ ពាន់លានដុល្លារនៅក្នុង “ប្រាក់កម្ចីដែលអាចលើកលែងបាន” ដើម្បីជួយបំពេញចន្លោះនៅក្នុងថវិការបស់ទីក្រុងគៀវ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃពុធថា “យើងបានចាត់វិធានការដែលត្រូវបាន គូសបញ្ជាក់នៅក្នុងច្បាប់ដើម្បីលុបចោល ប្រាក់កម្ចីទាំងនោះ” ដោយបញ្ជាក់ថា លោក Biden ស្វែងរកការលុបចោល ពាក់កណ្តាលនៃចំនួននោះ ឬប្រហែល ៤,៧ពាន់លានដុល្លារ។
ក្រសួងការបរទេសបានអះអាង នៅក្នុងលិខិតមួយទៅកាន់សភាចុះថ្ងៃទី ១៨ ខែវិច្ឆិកាថា ការលុបចោលបំណុលគឺស្ថិតនៅក្នុង “ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប G7+ និងដៃគូរបស់អង្គការណាតូ”។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Bloomberg ។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយនៅយុទ្ធនាការថា លោកនឹងមិនប្រឆាំងនឹងសភា ក្នុងការអនុម័តជំនួយបន្ថែមទៀតដល់អ៊ុយក្រែនទេ ដរាបណាជំនួយត្រូវបានផ្តល់ក្នុងទម្រង់ជាប្រាក់កម្ចី ជាជាងអំណោយដែលផ្តល់ មូលនិធិដោយអ្នកជាប់ពន្ធ ៕
ប្រែសម្រួលៈ ណៃ តុលា