ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹង ដល់សាធារណជន ជាពិសេសបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយឈ្មោះ ”សម្រាប់ និយោជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “” មួយទៀត ក្នុង តំណភ្ជាប់ ដែលស្រដៀង នឹងឈ្មោះ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់ និយោជក ” (https://t.me/EmployerChat) របស់ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ដែលមានសមាជិកចំនួនជាង ២៥ ០០០ នាក់ ជាមធ្យោបាយ ទាក់ទងជាមួយ បុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ដោយជនអនាមិក បានប្រឌិតព័ត៌មានថា ប្រព័ន្ធ បង់ថ្លៃសេវា សាធារណៈ របស់ក្រសួង មានបញ្ហាមិន ដំណើរការ និង បង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់ លេខគណនី ធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការ ខាតបង់ថវិកា របស់និយោជក ។
ក្នុងន័យនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ជូន ដូចខាងក្រោម៖
១. ក្រសួងមិនមាន គោលការណ៍ឱ្យមន្ត្រី ផ្សព្វផ្សាយលេខគណនីធនាគារ ផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាននោះទេ ក្រៅពីមធ្យោបាយ បង់ប្រាក់តាមប្រព័ន្ធ LACMS (https://lacms.mlvt.gov.kh) ដែលមានការណែនាំស្រាប់ ក្នុងប្រព័ន្ធអំពីការ ទូទាត់ថ្លៃសេវា ។
២. ក្រសួង កំពុងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះជន ប្រព្រឹត្តបទល្មើស ។
៣. ក្នុងករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ឬ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់ និយោជក” (https://t.me/EmployerChat) ឬ ប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback)។ អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន និង សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមបង្កើនការ ប្រុងប្រយ័ត្ន ចំពោះករណីឆបោកនេះ ៕