ព័ត៌មានជាតិ

មេទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ប្ដេជ្ញាពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីស្ថិរភាពក្នុងតំបន់

រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន បានប្ដេជ្ញាពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់ ។

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីបើក កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH ACAMM) ក្រោមប្រធានបទ “កងទ័ពជើងគោកអាស៊ានឆ្នាំ២០២៤៖ ពង្រឹងភាពជាដៃគូ និងមិត្តភាព ឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់” (ASEAN ARMIES 2024៖ STRENGTHENING PARTNERSHIP AND CAMARADERIE TOWARD REGIONAL STABILITY) ដែលមានមានការចូលរួមពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស។

ក្នុងអំឡុងកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស បានទទួលស្គាល់អំពីបញ្ហាប្រឈមមួយចំនួន ដែលតំបន់អាស៊ានកំពុងជួបប្រទះមានដូចជា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងការគំរាមកំហែងនៅក្នុងលំហឌីជីថល។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងនូវគោលគំនិតយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ កសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ បង្កើនអន្តរប្រតិបត្តិការ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ មានដូចជា (១) សារៈសំខាន់នៃការទូតយោធា (២) ការហ្វឹកហ្វឺន និងធ្វើលំហាត់រួមគ្នា (៣) ការយល់ដឹងអំពីវប្បធម៌ចម្រុះ (៤) កិច្ចសហការការងារមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ និង (៥) កិច្ចសហការតាមបណ្តោយព្រំដែន។

មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស បានឯកភាពគាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការទ្វេភាគី ពហុភាគី ប្រកបដោយបរិយាបន្ន និងបើកចំហ ក៏ដូចជាគ្រប់យន្តការដែលដឹកនាំដោយអាស៊ាន ជាពិសេសការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃ ប្រទេសសមាជិកអាស៊ាន ដើម្បីបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្តគ្នា ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍរួមសម្រាប់តំបន់។

ជាមួយគ្នានះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស នឹងពិនិត្យលទ្ធភាពក្នុងការធ្វើលំហាត់ពហុសាសន៍ រវាងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ក្រោមប្រធានបទកិច្ចការមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ស្របតាមសេចក្តីថ្លែងការណ៍ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ នៅទីក្រុងវៀងច័ន្ទ សាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

To Top