ព័ត៌មានជាតិ

សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ប្ដេជ្ញាសហការជាមួយ គ.ប.ផ.ក. ដើម្បីចូលរួមកាត់បន្ថយ ជាអតិបរិមា នូវផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ លោក Vernon Little ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) បានលើកឡើងថា សមាគម ប្ដេជ្ញាសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដើម្បីចូលរួមចំណែកកាត់បន្ថយ ជាអតិបរិមា នូវផលិតផលក្លែងក្លាយ និងខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈ។

លោក ប្រធានសមាគម លើកឡើងបែបនេះ នាឱកាសដែល លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. អនុញ្ញាតឲ្យចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំខេត្តត្បូងឃ្មុំ ទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្ដើម លោក នៅ លក្ខណា ជាប្រធាន គ.ប.ផ.ក. បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណ ដល់គណៈប្រតិភូ សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដែលបានបង្ហាញ ពីកិច្ចសហការរវាង គ.ប.ផ.ក. និង ATIC ដើម្បីឲ្យមានការឈ្វេង យល់ពីគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោក Vernon Little អគ្គនាយកក្រុមហ៊ុន Huotraco International Limited និងជាប្រធានសមាគម ឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) បានថ្លែងអំណរគុណ ដល់គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលបានអនុញ្ញាឲ្យរូបលោក និងគណៈប្រតិភូបានចួលជួប និងពិភាក្សានាឱកាសនេះ។

ក្នុងនោះ លោកប្រធានសមាគម បានលើកឡើង អំពីបញ្ហាប្រឈម និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយវត្តមាន នៃផលិតផលក្លែងក្លាយ និងខុសច្បាប់ នៅក្នុងទីផ្សារកម្ពុជា។

លោកប្រធាន ATIC បានបន្ថែមទៀតថា ខាងសមាគមប្ដេជ្ញាចិត្ត ក្នុងការសហការជាមួយ គ.ប.ផ.ក. ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយជាអតិបរិមា នូវផលិតផលក្លែងក្លាយ និងខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិស្រប តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយលោករួមទាំងគណៈប្រតិភូទាំងអស់ ដែលតំណាងឱ្យក្រុមហ៊ុនទាំង០៦ ជាសមាជិកនៃសមាគម បានគាំទ្រយ៉ាងពេញទំហឹងអោយមានកិច្ចសហការល្អរវាងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា និង គ.ប.ផ.ក. ផងដែរ។

ក្នុងជំនួបនោះដែរ តំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ជាអនុប្រធាន និង សមាជិក គ.ប.ផ.ក. បានចូលរួមមតិ យោបល់យ៉ាង ផុសផុលអំពីយន្តការ វិធានការ និងសមត្ថកិច្ចជំនាញ ដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ និងខុសច្បាប់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងច្បាប់ជាធរមាន និងបានគាំទ្រអោយ មានកិច្ចសហការល្អ រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ផងដែរ។

ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សានេះ លោក ប្រធានគណកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់សមាគម និងទទួលយកសំណើ សំណូមពរ បញ្ហាប្រឈម ដើម្បីគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ រួមគ្នាដោះស្រាយបន្តទៀត ៕

To Top