ព័ត៌មានអន្តរជាតិ

ជប៉ុន បង្ហាញពីការព្រួយបារម្ភ យ៉ាងខ្លាំងដល់ចិន ជុំវិញសកម្មភាពយោធា របស់ក្រុងប៉េកាំង

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បានប្រាប់សមភាគីចិន លោក Dong Jun ថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន ខណៈដែលពួកគេបានជួបគ្នានៅប្រទេសឡាវជាច្រើនខែ បន្ទាប់ពីការរំលោភដែនអាកាស ពាក់ព័ន្ធនឹងយន្តហោះចារកម្មចិន។

លោក Nakatani បានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ជាមួយប្រទេសចិន ជុំវិញការរំលោភលើដែនអាកាស របស់ប្រទេសជប៉ុនកាលពីថ្ងៃទី២៦ ខែសីហា ហើយបានទាមទារកុំឱ្យវាកើតឡើងម្តងទៀត នេះបើយោងតាមមន្ត្រីជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបានយល់ព្រមលើកកម្ពស់ កិច្ចសន្ទនារវាងអាជ្ញាធរការពារជាតិរបស់ពួកគេ ដើម្បីជំរុញទំនាក់ទំនង “ផលប្រយោជន៍ទៅវិញទៅមក” ដូចដែលបានព្រមព្រៀងគ្នាដោយ មេដឹកនាំប្រទេសនាពេលថ្មីៗនេះ។

ដោយកត់សម្គាល់ថាប្រទេសទាំងពីរ មានបញ្ហាសន្តិសុខលេចធ្លោផ្សេងៗគ្នា លោក Nakatani បានឲ្យដឹងនៅដើមដំបូងនៃកិច្ចប្រជុំ ដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំ សន្តិសុខថ្នាក់តំបន់ប្រចាំឆ្នាំថា “វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើការ ពិភាក្សាដោយស្មោះត្រង់ រវាងអាជ្ញាធរការពារជាតិ និងបន្តទំនាក់ទំនង”។

លោក Dong បានយល់ស្របថា ការពិភាក្សាទល់មុខគ្នា រវាងអាជ្ញាធរការពារជាតិនៃ ប្រទេសទាំងពីរមានសារៈសំខាន់ សម្រាប់ទំនាក់ទំនងទ្វេភាគី និងសន្តិភាពក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ លោកបានតបតវិញថា ប្រទេសចិន មានការព្រួយបារម្ភ ចំពោះសកម្មភាពរបស់ប្រទេសជប៉ុន លើបញ្ហាដូចជាតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាខេត្តរបស់ខ្លួន។

វាគឺជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការពារជាតិជប៉ុន-ចិន លើកដំបូងចាប់តាំងពីលោក Nakatani ចូលកាន់តំណែងបច្ចុប្បន្នជាសមាជិក នៃគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា។ កិច្ចប្រជុំចុងក្រោយបែបនេះត្រូវបាន ធ្វើឡើងនៅក្នុងខែមិថុនា នៅប្រទេសសិង្ហបុរី។ កាលពីចុងខែសីហា ជប៉ុនបានបញ្ជាក់ជាលើកដំបូងថា យន្តហោះយោធាចិនបានបំពានដែនអាកាសជប៉ុន លើដែនទឹកក្នុងសមុទ្រចិនខាងកើត ចេញពីប្រជុំកោះក្នុងខេត្ត Nagasaki ភាគនិរតីប្រទេសជប៉ុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top