ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ នឹងចាកចេញពីក្រុមប្រឹក្សា Barents Euro-Arctic ក្រោយឆ្នាំ២០២៥

afp

ហែលស៊ីនគី៖ តាមរដ្ឋាភិបាលហ្វាំងឡង់បានឲ្យដឹងថា រដ្ឋាភិបាលហ្វាំងឡង់ បានប្រកាសថា ប្រទេសហ្វាំងឡង់ នឹងដកខ្លួនចេញពីក្រុមប្រឹក្សា Barents Euro-Arctic បន្ទាប់ពីឆ្នាំ២០២៥ ប៉ុន្តែនឹងបន្តកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ភាគខាងជើង តាមរយៈបណ្តាញផ្សេងទៀត។

រដ្ឋាភិបាលហ្វាំងឡង់បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការផ្លាស់ប្តូរនៅក្នុងស្ថានភាពសន្តិសុខអឺរ៉ុប និងបរិយាកាសអន្តរជាតិបានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់នៅភាគខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Elina Valtonen បានឲ្យដឹងថា “គោលដៅរបស់ប្រទេសហ្វាំងឡង់ គឺជាតំបន់ Nordic ដែលមានស្ថិរភាព និងវិបុលភាព ហើយយើងនឹងបន្តវិនិយោគនៅក្នុងវាតាមរយៈទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការ”។ ហ្វាំងឡង់នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ុយអែត និងន័រវេស ក៏ដូចជានៅក្នុងវេទិកាអន្តរជាតិដូចជាទីស្តីការគណៈរដ្ឋមន្ត្រី Nordic ផងដែរ។

ជាលទ្ធផលនៃការដកខ្លួនចេញពីក្រុមប្រឹក្សា ហ្វាំងឡង់ក៏នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីការបង្កើតលេខាធិការដ្ឋាន Barents អន្តរជាតិផងដែរ។ ប្រធានាធិបតីហ្វាំងឡង់ នឹងសម្រេចចិត្តលើការដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅថ្ងៃសុក្រនេះ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ក្រុមប្រឹក្សា Barents Euro-Arctic គឺជាអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់ ដែលស្វែងរកការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ Barents ។ សមាជិករបស់ខ្លួនរួមមាន ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស រុស្ស៊ី ស៊ុយអែត និងគណៈកម្មការអឺរ៉ុប ហើយនៅខែកញ្ញាឆ្នាំ២០២៣ ប្រទេសរុស្ស៊ីបានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សានេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top