ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ប្រកាសត្រៀមខ្លួន ដើម្បីការពារជនចំណាកស្រុក ដែលប្រឈមមុខនឹងការនិរទេសរបស់អាមេរិក

afp

ម៉ិកស៊ិក៖ ប្រធានាធិបតី​ម៉ិចស៊ិកលោកស្រី Claudia Sheinbaum បាន​សម្តែង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​និរទេស​ជន​ចំណាក​ស្រុក​ដ៏ច្រើន​របស់​សហរដ្ឋ​អាមេរិក ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ថា​នឹង​កើត​ឡើង​នៅ​ពេល​លោក​ចូល​កាន់​តំណែង។

លោកស្រី Sheinbaum បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃថា “ក្នុងករណីមានការនិរទេស យើងនឹងទទួលជនជាតិម៉ិកស៊ិក ហើយយើងមានផែនការ សម្រាប់រឿងនេះ” ។

ដោយបង្ហាញពីការមិនពេញចិត្តរបស់លោកស្រីចំពោះ “ជនចំណាកស្រុកត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន” នោះហើយជាមូលហេតុ ដែលស្ថាប័នយុត្តិធម៌មាននៅគ្រប់ទីកន្លែងជុំវិញពិភពលោកដើម្បីការពារសិទ្ធិជាមូលដ្ឋាន។

លោកស្រីបានលើកឡើងថា រដ្ឋាភិបាលកំពុងពង្រឹងបណ្តាញកុងស៊ុលម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ដើម្បីការពារជនចំណាកស្រុកឱ្យកាន់តែប្រសើរឡើង ដែលមានហានិភ័យនៃការនិរទេស។

នៅប៉ុន្មានថ្ងៃខាងមុខនេះលោកស្រី Sheinbaum នឹងជួបជាមួយគណៈរដ្ឋមន្ត្រីរបស់លោកស្រី ដើម្បីពិនិត្យមើលបញ្ហាទ្វេភាគី ដែលចាំបាច់ត្រូវដោះស្រាយជាមួយក្រុមរបស់លោក ត្រាំ រួមមាន អន្តោប្រវេសន៍ សន្តិសុខ ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top