ភ្នំពេញ៖ អគារសិក្សា និងទីចាត់ការ ចំនួនខ្នង ២ខ្នង នៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត និង លោក ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ។
បើតាមការឱ្យដឹងពីលោក ហ៊ុន ម៉ានិត បានឱ្យដឹងថា អនុវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានអគារតែមួយខ្នងចំនួន៦ បន្ទប់ និងមិនមានទីចាត់ការសម្រាប់លោកគ្រូ អ្នកគ្រូឡើយ ហើយមានការខ្វះខាតបន្ទប់សិក្សា ខណៈសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។ ដោយមើលឃើញពីការលំបាកនេះ លោក ហ៊ុន ម៉ានិត និងភរិយា ក្រុមការងារគណបក្ស និងសប្បុរជន បានរួមគ្នាចូលរួមចំណែក កសាងអគារសិក្សាមួយខ្នងបន្ថែមទៀត មានចំនួន៦បន្ទប់ និងទីចាត់ការថ្មី១ខ្នង សម្រាប់លោកគ្រូ អ្នកគ្រូ។
លោកថា សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យអប់រំ កសាងធនធានមនុស្សជូនជាតិមាតុភូមិ។
ពីលើវេទិកា នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានិងទីចាត់ការ នេះ លោក ហ៊ុន ម៉ានិត បានលើកឡើងថា កម្មវិធីនាថ្ងៃនេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព និងការគាំទ្រជ្រោមជ្រែងពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាន ចំពោះរាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលបានស្វះស្វែងគ្រប់មធ្យោបាយ ផ្តល់ចំណេះដឹង អប់រំទូន្មាន ដល់កុមារ និងយុវជន ក្នុងមូលដ្ឋាន ឱ្យមានសីលធម៌ ចំណេះដឹង សីលធម៌ និងគុណធម៌។
លោក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកស្ទឹងត្រង់ ដែលបានលះបង់គ្រប់បែបយ៉ាង បម្រើប្រជាពលរដ្ឋ យ៉ាងស្មោះស័្មគ្រ ប្រកបដោយប្រសិទ្ធភាព ភាពទន់ភ្លន់ និងបានទាន់ពេលវេលា៕