ភ្នំពេញ៖ នៅក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងលោក ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុងការជំរុញទំហំពាណិជ្ជកម្ម ឱ្យសម្រេចបាននូវគោលដៅ ១ប៊ីលានដុល្លារអាមេរិក ។
លោកZAFER SIRAKAYA បានជម្រាបជូន សម្តេចតេជោ អំពីការកើនឡើងជាបន្តបន្ទាប់ នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-តួកគី ដែលបានស្តែងឱ្យឃើញតាមរយៈកំណើន នៃទំហំពាណិជ្ជកម្មពី ១៥២លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ទៅជាង ២៣៧លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍តួកគី ក៏បានប្រកាសអំពីការពិនិត្យរៀបចំ ឱ្យមានការហោះហើរត្រង់ មកប្រទេសកម្ពុជាផងដែរ។
ជាមួយនឹងការវិវឌ្ឍជាវិជ្ជមានទាំងនេះ និងដោយសង្កេតឃើញពីសក្តានុពលរបស់កម្ពុជា លោកZAFER SIRAKAYA បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងតួកគី ពិតជាអាចសម្រេចបាន នូវគោលដៅទំហំពាណិជ្ជកម្មចំនួន ១ប៊ីលានដុល្លារអាមេរិក ដែលសម្តេចតេជោ និងលោកប្រធានាធិបតី តួកកី តៃយីប អ៊ែរដូហ្កាន់ បានកំណត់នៅឆ្នាំ២០១៨។
ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណ សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រនៅក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងបានគូសបញ្ជាក់ក្នុងនាមប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ អំពីការប្តេជ្ញាចិត្តរបស់តួកគី ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា។ នៅក្នុងន័យនេះ លោកបានសម្តែងនូវក្តីស្វាគមន៍ ចំពោះគម្រោងទស្សនកិច្ច របស់សម្តេចតេជោ នៅតួកគី ជាថ្មីម្តងទៀត នៅចុងឆ្នាំ២០២៤នេះ។
សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ និងមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅ១ប៊ីលានដុល្លារអាមេរិក ដោយផ្អែកទៅលើកម្លាំងសេដ្ឋកិច្ចរបស់តួកគី និងការិរះរកវិធីផ្សេងៗទៀត ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
សម្តេច ក៏បានសម្តែងនូវក្តីរីករាយដែលកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍របស់តួកគី តាមរយៈការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគ្មានការស្ទាក់ស្ទើរ ចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ហើយការធ្វើកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះ បានបើកផ្លូវឱ្យប្រទេសទាំងពីរឈានទៅបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗផងដែរ។
សម្តេចបានលើកឡើងបន្ថែមថា គោលដៅទស្សនកិច្ចរបស់ សម្តេច នៅតួកគី នាពេលខាងមុខ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យទោះបីជា សម្តេចបានផ្ទេរអំណាចទៅថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលថ្មីរួចហើយក៏ដោយ។
ក្រៅពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក ZAFER SIRAKAYA ដែលបានចូលរួមមហាសន្និបាត ICAPP ដែលគួរតែជាវេទិកាមួយសំខាន់ចំពោះតួកគី ក្នុងធ្វើពិពិធកម្មទំនាក់ទំនង ដោយមិនផ្តោតខ្លាំងទៅលើតែតំបន់អឺរ៉ុប នៅក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងប្រឈមខ្លាំងទៅនឹងបញ្ហាសន្តិសុខ៕