ភ្នំពេញ ៖ គណៈប្រតិភូប្រធានសភា នៃប្រទេសជាមិត្ត ដឹកនាំដោយ លោក Dev Rej Ghimire ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានលើកឡើងថា ដំណើរស្វែងរកសុខសន្ដិភាព របស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយ ដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដា ប្រទេសនានានៅលើពិភពលោក។
ការលើកឡើង របស់គណៈប្រតិភូ ប្រធានសភានៃប្រទេសជាមិត្ត ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។
ក្នុងជំនួបខាងលើនេះ លោកប្រធានគណៈប្រតិភូបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ដល់គណៈប្រតិភូ IPTP ទាំងអស់។
ក្នុងនោះលោកប្រធានគណៈប្រតិភូ ក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបាន សុខសន្ដិភាពពេញលេញ កម្ពុជា បានកសាងប្រទេស ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះ លោក Dev Rej Ghimire ក៏បានគូសបញ្ជាក់ថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរក សុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានគណៈប្រតិភូ និងគណៈប្រតិភូ IPTP ទាំងអស់ ដែលបានចូលរួម ក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អ សម្រាប់ជួយកសាងបណ្ដាញ រវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនង រវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិ នៅកម្ពុជា ដោយសម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិ នឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិ ទទួលបានសុខសន្ដិភាពពេញលេញ នោះប្រទេស នឹងមានការរីកចម្រេីន និងការអភិវឌ្ឍលើគ្រប់វិស័យ៕