បរទេស៖ ប្ដីប្រពន្ធជាជនជាតិរុស្សី បានជិះម៉ូតូបុកជាមួយម៉ូតូជនបរទេសម្នាក់ទៀត ដែលនៅខេត្ត Binh Thuan ភាគកណ្តាល កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនជាតិរុស្សី ប្តីប្រពន្ធមួយគូ បានជិះម៉ូតូតាមដងផ្លូវមាត់សមុទ្រឆ្ពោះទៅឆ្នេរ Mui Ne វេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល។ លុះដល់ពេលបត់ម៉ូតូ ក៏បុកគ្នាចំជាមួយម៉ូតូជនបរទេសម្នាក់ទៀត ដែលសញ្ជាតិរបស់គេមិនត្រូវបានគេបញ្ជាក់ ។
ឧបតិហេតុនេះ បានប៉ះពាល់យ៉ាងខ្លាំងបណ្តាលឱ្យ ជនបរទេសទាំង៣នាក់ដួល និងម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ បុរសជនជាតិរុស្សី បានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់។ ចំណែកជនបរទេសម្នាក់ទៀតជាបុរស ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែរ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ ។
ប៉ូលិសបានចុះពិនិត្យកន្លែងកើតហេតុ និងកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ។ ផ្លូវមាត់សមុទ្រតភ្ជាប់ទីប្រជុំជន Phan Thiet ជាមួយ Mui Ne ប្រវែង ២០ គីឡូម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ជាពិសេសសម្រាប់ជនបរទេស ៕
ប្រែសម្រួលៈ ណៃ តុលា