ព័ត៌មានអន្តរជាតិ

ជប៉ុន មានបំណងកាត់ បន្ថយការបំភាយ ឧស្ម័ន ៦០ភាគរយ ​ត្រឹមឆ្នាំ២០៣៥ ​

kyodo
" "

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនកំពុងពិចារណាកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៦០ ភាគរយនៅឆ្នាំសារពើពន្ធ ២០៣៥ បើធៀបនឹង កម្រិតសារពើពន្ធឆ្នាំ២០១៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។

ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្មបានស្នើឡើងនូវគោលដៅថ្មី កើនឡើង ១៤ ភាគរយពីគោលដៅបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំរួមមួយ ដោយថា ការកាត់បន្ថយយ៉ាង ខ្លាំងក្លាគឺចាំបាច់ ដើម្បីសម្រេចបាន នូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៥០ ។

" "

ដោយសារក្រុមអាកាសធាតុរបស់អង្គការសហប្រជាជាតិបានស្នើឱ្យប្រទេសនីមួយៗដាក់ទិសដៅកាត់បន្ថយការបំភាយឧស្ម័នថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ២០៣៥ ត្រឹមខែកុម្ភៈ រដ្ឋាភិបាល គ្រោងនឹងបញ្ចូលគោលដៅជាលេខនៅក្នុងសេចក្តីព្រាងផែនការ សម្រាប់វិធានការទប់ទល់នឹងការឡើងកំដៅផែនដី ដែលរំពឹងថា នឹងចងក្រងនៅចុងឆ្នាំនេះ។ ផែនការនេះនឹងត្រូវរៀបចំឡើង ដោយសហការជាមួយ គណបក្សកាន់អំណាច ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ។

" "

ក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ អ្នកចូលរួមមួយ ចំនួនបាននិយាយថា ប្រទេសត្រូវកំណត់គោលដៅ ដែលមានមហិច្ឆ តាបន្ថែមទៀត ខណៈដែលអ្នកផ្សេងទៀតបានគាំទ្រគោលដៅ ដែលបានស្នើឡើង ពោលគឺកាត់បន្ថយ ៦០ ភាគរយនៅឆ្នាំសារពើពន្ធ ២០៣៥ និងកាត់បន្ថយ ៧៣ ភាគរយ នៅឆ្នាំសារពើពន្ធឆ្នាំ២០៤០។

បច្ចុប្បន្ននេះ ប្រទេសជប៉ុនមានបំណងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៦ ភាគរយនៅឆ្នាំសារពើពន្ធ ២០៣០ បើធៀបនឹងកម្រិតសារពើពន្ធឆ្នាំ២០១៣ ។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការ ប្រែប្រួលអាកាស ធាតុបានវាយតម្លៃថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាសកលត្រូវតែកាត់បន្ថយចំនួន ៦០ ភាគរយនៅឆ្នាំ ២០៣៥ បើប្រៀបធៀបទៅ នឹងកម្រិតឆ្នាំ២០១៩ ដើម្បីកំណត់ការឡើងកំដៅដល់ ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនឧស្សាហកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top