បាត់ដំបង៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អ កំពុងមានតម្រូវការទីផ្សារ និងតម្លៃខ្ពស់។
ក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិត ពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឌិត ទីណា មានប្រសាសន៍ថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង បានទទួលគ្រាប់ពូជគ្រឹះពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) ដើម្បីយកមកផលិតជាពូជចុះបញ្ជី ដើម្បីត្រៀមបញ្ចេញទៅឱ្យសហគមន៍ផ លិតទៅជាពូជវិញ្ញាបនបត្របន្ត។
លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែង គ្រាប់ពូជដែលផលិតបានទាំងអស់ មានលក្ខណៈសុទ្ធល្អ ហើយតាមការប៉ាន់ស្មានទិន្នផល ដែលទទួលបានប្រមាណជាង ៤តោនក្នុងមួយហិកតា។
សូមជម្រាបជូនថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវ ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវ ចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី ១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។ ការផលិតគ្រាប់ពូជចុះបញ្ជី នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាការផលិតដែលត្រឹមត្រូវតាមបច្ចេកទេស និងទទួលការត្រួតពិនិត្យបញ្ជាក់គុណភាព ត្រឹមត្រូវពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធល្អ នឹងជួយជួយប្រជាកសិករឱ្យ ទទួលបានទិន្នផលស្រូវសុទ្ធ លក់បានថ្លៃ និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំកសិកម្មដែល ពុំចាំបាច់មួយចំនួនថែមទៀត ៕