ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ

រូបភាព៖ STPM

ភ្នំពេញ៖ កម្ពុជា-ឡាវ-វៀតណាម បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យការពារជាតិ ។

ការប្ដេជ្ញាចិត្តនេះធ្វើឡើង ក្នុងជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប រដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃក្រសួងការពារប្រទេសឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ, ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅកម្ពុជា។

រដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការពារជាតិកម្ពុជា តាមរយៈ៖ ការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយ, ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្ដានុពលជាច្រើនទៀតដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និង ពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងសន្ដិសុខ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និង គ្រឿងញៀន ជាដើម។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

To Top