ព័ត៌មានជាតិ

រាជធានីភ្នំពេញ ទទួលបានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)

ភ្នំពេញ៖ រាជធានីភ្នំពេញ ទទួលបានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។

ពិធីប្រកាសជ័យលាភី ជារាជធានីភ្នំពេញ បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាពលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងពិធីនេះ លោក ឆាយ ឬទ្ធិសែន បានលេីកឡេីងថា គិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន១១ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ ការបន្ទោបង់ ពាសវាលពាសកាល រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគីរី សៀមរាប និងខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពិតជាសគ្គសម ដែលសំរេចបាន នូវការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)លើកទី១ដោយជោគជ័យ។

លោក ឆាយ ឬទ្ធិសែន បានបន្តទៀតថា មកដល់ពេលនេះ អត្រាគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស បានប្រមាណ៨៨,៨% ពោលគឺអត្រាគ្រប់ដណ្តប់ទឹកស្អាត ស្មើនិង៨៦% និងអត្រាគ្រប់ដណ្តប់អនាម័យ នៅទូទាំងប្រទេសមានចំនួន៩១% ហើយនៅក្នុងឆ្នាំ២០៣០ខាងមុខនឹងត្រូវសម្រេចអត្រា គ្រប់ដណ្តប់ឱ្យបាន១០០%។ ការសំរេចបានរាជធានី ខេត្ត (ODF+)និង (ODF) គិតត្រឹមថ្ងៃនេះ មានចំនួន១២រាជធានី ខេត្ត លើសពីនេះ ក្រសួងបានដាក់ចេញជាផែនការនៅឆ្នាំ២០២៤ និងសម្រេចអោយបាន២ខេត្តទៀត នោះគឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលនឹងទៅទទួលពានជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ដែលនឹងកើន ដល់១៤/២៥រាជធានី ខេត្ត នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ថ្ងៃនេះយើងពិតជាមានមោទនៈភាព ដែលរាជធានីភ្នំពេញ សំរេចបានជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើទី១ មានន័យថា គ្រប់ខ្នងផ្ទះនីមួយៗ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ”។

ជាមួយគ្នានេះ ឃួង បានបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញបានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល យូឆ្នាំហើយ។

លោក ឃួង ស្រេង បន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តក្នុងផ្តល់នូវសេវាតម្រូវការ និងសេវាសំណូមពរឱ្យទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅឆ្នាំ២០៣០ រួមមានដូចខាងក្រោម៖ទី១ ពង្រឹកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ៨០ទៅ៩០ភាគរយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី២ បង្កើនអនាម័យនៅតាមខ្នងផ្ទះ ប្រជាពលរដ្ឋ និងតភ្ជាប់បណ្តាញលូមេឱ្យបានច្រើន ទី៣ ពង្រឹងការគ្រប់គ្រងអនាម័យ នៅតាមខ្នងផ្ទះពិសេសនៅតំបន់ជាយក្រុង ទី៤ បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីបង្កើតសមត្ថិភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ ទី៥ ពង្រីកសេវាប្រមូលសំរាម កាកសំណល់រឹងគ្រប់ដណ្តប់លើរាជធានីភ្នំពេញ ទី៦ ជំរុញការផ្តល់ទឹកស្អាត អគ្គិសនីឱ្យកាន់តែមានស្ថេរភាពនិងទូលំទូលាយថែមទៀត។

ក្នុងឱកាសនជ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់ឱ្យបានត្រឹមត្រូវ និងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃនិងសាប៊ូឱ្យបានស្អាត ដើម្បីរាជធានីភ្នំពេញ មានភាពស្រស់ស្អាត បរិស្ថានល្អ និងដើម្បីសុខភាពទាំងអស់គ្នា ជៀសវាងពីជម្ងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ កាន់តែប្រសើរថែមទៀតផង៕

To Top