ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ របាយការណ៍ CCHR ជារឿងដដែល គ្មានតម្លៃ មិនអាចយកធ្វើធាតុចូលបាន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅរបាយការណ៍ របស់មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ថា ជារបាយការណ៍ដដែលៗ គ្មានតម្លៃ និងមិនអាចយកធ្វើជាធាតុចូល ជាមួយបាននោះទេ ។

ការឆ្លើយតបពីសំណាក់លោក ប៉ែន បូណានេះ បន្ទាប់CCHR កាលពីថ្ងៃ២៦ វិច្ឆិកាបានចេញផ្សាយរបាយការណ៍​ថ្មីមួយ​ស្តីពី ​«​ស្ថាន​ភាព​នៃ​សេរី​ភាព​ខាង​​ការ បញ្ចេញ​មតិ ​សេរីភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាននៅ​កម្ពុជា»​ ក្នុងនោះ CCHR បានបង្ហាញថា​ ​សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ ក្នុងពេលការ​ប្រើ​​​ប្រព័ន្ធ​តុលាការ​ ដើម្បីជាផ្នែក​មួយ​ដែល​បាន​​បំភិត​បំភ័យ ​និង​រឹត​ត្បិត​សេរី​ភាព​ជា​មូល​ដ្ឋាន​ទាំង​នោះ​។

លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៨ វិច្ឆិកាថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមកម្ពុជានោះទេ គ្រាន់តែចេញផ្សាយ ដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ។

ជារបាយការណ៍ដដែលៗដែលលោក ប៉ែន បូណាសំដៅដល់នោះ គឺ CCHRលើកយកតែរឿងចាស់មកផ្សាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដូចជាគេយករឿងដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មាន២-៣កន្លងមក និងអ្នកព័ត៌មានមានទោសប៉ុន្មាននាក់ ។ ចំណុច នេះលោកថា CCHR មិនបានធ្វើការសិក្សាស្រាវជ្រាវច្បាស់លាស់នោះទេ។ ដោយគេមិនព្រមសិក្សាថា តើការដកអាជ្ញាប័ណ្ណ និងប្តឹងផ្តល់នោះមានរឿងអ្វីខ្លះ? ។

លោកថា “របាយណ៍នេះគ្មានតម្លៃនឹងឲ្យយើងយកមក ពិចារណាធ្វើជាធាតុចូលអីបានទេ”។

លោកបញ្ជាក់ទៀតថា “ជារបាយការណ៍ដដែល ជារបៀបវារៈដដែលៗ ហើយដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ក្នុងសង្គម ។ ជារបាយការណ៍ខ្វះវិជ្ជាជីវៈ មានចេតនាដើម្បីចេញផ្សាយ ដាក់បន្ទុកធ្វើម៉េចឲ្យខូចមុខមាត់រាជរដ្ឋាភិបាល” ។

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ផ្តាំទៅ CCHRថា បើចង់ចូលរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មាននៅកម្ពុជា ត្រូវធ្វើរបាយការណ៍មួយដែល មានតុល្យភាព ឆ្លុះបញ្ចាំងពីភាពពិតប្រាកដ និងស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ កុំធ្វើអ្វីដើម្បីការពារអ្នកខុសច្បាប់៕

To Top