ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូតរូបិយប័ណ្ណ កំពូលរបស់ជប៉ុន ត្រូវបានជ្រើសរើសជាប្រធាន ADB

Kyodo

តូក្យូ៖ អតីតអ្នកការទូតរូបិយប័ណ្ណជប៉ុនកំពូលលោក Masato Kanda ត្រូវបានជ្រើសរើសជាប្រធានបន្ទាប់ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលជាអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ប្រភពពី ADB បានឲ្យដឹងថា លោក Kanda អាយុ ៥៩ឆ្នាំ បច្ចុប្បន្នជាទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន នឹងចូលកាន់តំណែង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ជាប្រធានទី១១ ជំនួសលោក Masatsugu Asakawa អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត នៃក្រសួងហិរញ្ញវត្ថុជប៉ុន។

ប្រទេសជប៉ុន ដែលជាម្ចាស់ភាគហ៊ុនឈានមុខគេនៅក្នុង ADB រួមជាមួយនឹងសហរដ្ឋអាមេរិក បានផ្គត់ផ្គង់ដល់ប្រធានធនាគារ ចាប់តាំងពីស្ថាប័ននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៦។

ដោយ Kanda លេចចេញជាបេក្ខជនតែមួយគត់ ក្រុមប្រឹក្សាភិបាលរបស់ ADB បានបញ្ចប់ដំណើរការជ្រើសរើស លោកកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

លោក Fabio Panetta ប្រធានក្រុមប្រឹក្សាភិបាល ADB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក Kanda ក្នុងហិរញ្ញវត្ថុអន្តរជាតិ និងការដឹកនាំដែលបង្ហាញឱ្យឃើញ នៅក្នុងការកំណត់ពហុភាគី នឹងបម្រើ ADB បានយ៉ាងល្អក្នុងការស្វែងរកបញ្ហាប្រឈម សេដ្ឋកិច្ចពិភពលោកដ៏ស្មុគស្មាញ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top