ភ្នំពេញ៖ លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដែលត្រូវដល់អាណត្តិ និងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកឡើងវិញថា គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូប និងអភិបាលរងចំនួន ១០រូប ជាជំនួយការ។ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មានគណនយ្យភាពទ្វេទិស ក្នុងកិច្ចការបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានលើកឡើងថា “នៅរាជធានីភ្នំពេញយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាប់បទល្មើសបានទាន់ពេលវេលា។ ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ អន្តរជាតិចូលរួមរហូតដល់ជាង ៦លាន ៣សែននាក់ កើនឡើងជាងឆ្នាំមុន”។
លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើអោយលោកស្រី តិមា វិច្ឆិកាល ដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិង បណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គម ស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ស្មារតីក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ រហូតទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ ច្រើនជាងឆ្នាំមុនៗ។
ក្រោយទទួលភារកិច្ចថ្មី លោកស្រី តិមា វិច្ឆិកាល បានប្តេជ្ញាថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នៅគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ និងប្តេជ្ញាលើកកំពស់សាមគ្គីភាពផ្ទៃក្នុង អោយបានល្អប្រសើរ ពង្រឹងសមត្ថភាព ដោយបន្តសិក្សារៀនសូត្រមួយជីវិត និងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត៕