ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមត្រេកអរ និងថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលប្អូនស្រីម្នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិន។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា «ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូនបានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «ទីបំផុត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថកិច្ចចិន ហើយក៏សូមអរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានអរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ។ សូមជូនពរប្អូនស្រី មានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិឋានវិញ និងសម្រេចបានជោគជ័យក្នុងកិច្ចការងារផ្សេងៗ កុំបីខាន៕