ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារ ចលនាយុវជន របស់ក្រុមការងារ គណបក្សប្រជាជន ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និងចាប់ឆ្នោត អាហារូបករណ៍ឆ្នាំសិក្សា២០២៤ មានអ្នកចូលរួមប្រមាណ៣៥០នាក់។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស ព្រមទាំងមន្រ្តីរាជការ មួយចំនួនផងដែរ។
បណ្ឌិត កៅ ថាច បានមានប្រសាសន៍ស្វាគមន៍ចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនិងមន្ត្រីគណបក្សស្រុក ដែលបានចូលរួម ក្នុងការចាប់ឆ្នោតអាហារូបករណ៍បរិញ្ញាបត្របរិញ្ញាបត្ររងរបស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុក ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ជូនដល់ក្មួយៗទៅតាម សាកលវិទ្យាល័យនិងបណ្តាវិទ្យាស្ថាននានា ដែលបានផ្តល់អាហា រូបករណ៍ជូនសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ បណ្ឌិត កៅ ថាច បានលើកទឹកចិត្តនឹងជំរុញឲ្យសិស្សទាំងអស់ ដែលបានជាប់អាហារូបករណ៍ រួចហើយនោះត្រូវខិតខំសិក្សា រៀនសូត្រកុំបោះបង់ការ សិក្សាចោល ដោយត្រូវខិតខំស្រាវជ្រាវលើមុខវិជ្ជា និងអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង អភិវឌ្ឍន៍ខ្លួនក្លាយជាមូលធន មនុស្សដ៏ល្អនិងខ្លាំងពូកែ សំរាប់គ្រួសារនិងសង្គមជាតិទាំងមូល។
កន្លងទៅស្រុកខ្សាច់កណ្តាល បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ លើការចង្អុលបង្ហាញ ពីអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រួមជាមួយសហការី ឈរលើឆន្ទៈមុតស្រួចឆ្ពោះទៅអភិវឌ្ឍន៍ភូមិ-ឃុំលើគ្រប់វិស័យ។
សម្រាប់ សិស្សដែលបានចូលរួមចាប់ឆ្នោត អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សរុបមានចំនួន២២៧នាក់ ក្នុងនោះសិស្សនិទ្ទេសA ចំនួន៤នាក់ ទទួលបានអាហារូបករណ៍ ដោយស្វ័យប្រវត្តិ ដោយមិនឱ្យចាប់ឆ្នោតនោះឡើយ។ អាហារូបកណ៍ថ្នាក់បរិញ្ញាបត្រដែលបាន បែងចែងជូនស្រុកខ្សាច់កណ្តាលឆ្នាំ២០២៤នេះមានចំនួន ៧១ កន្លែង ព្រមទាំងទទួលបានការឧបត្ថម្ភ ថវិកាមួយចំនួនផងដែរ ៕