ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcosថា ការជជែកដេញដោលជុំវិញ ការចោទប្រកាន់ ទៅលើអនុប្រធានាធិបតី Sara Duterte គ្រាន់តែជា “ព្យុះក្នុងក្អម”

xinhua

បរទេស ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃសុក្រថា រាល់បណ្តឹងចោទប្រកាន់ណាមួយប្រឆាំង នឹងអនុប្រធានាធិបតី លោកស្រី Sara Duterte ដែលកាលពីចុងសប្តាហ៍ បានធ្វើការគម្រាមកំហែង ប្រឆាំងនឹងអាយុជីវិតរបស់លោក គឺនឹងគ្រាន់តែការដាក់កម្រិត នៅក្នុងសភា និងមិនជួយប្រជាជននោះទេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភា គឺលោកស្រី France Castro ត្រូវបានដកស្រង់ដោយ ABS-CBN News ដែលបាននិយាយនៅថ្ងៃសុក្រថា សមាជិកសភានៅក្នុងសភាជាន់ទាប គ្រោងនឹងដាក់ពាក្យបណ្តឹងចោទ ប្រកាន់លោកស្រី Duterte ពីបទក្បត់ទំនុកចិត្តសាធារណៈ , ស៊ីសំណូក និងឧក្រិដ្ឋកម្មកម្រិតខ្ពស់ផ្សេងទៀត ដូចជាការលួចប្លន់ ។

លោក Marcos ប្រាប់អ្នកសារព័ត៌មានថា “ហេតុអីក៏យើងត្រូវខាតពេលទៅលើរឿងនេះ?” “គ្មានអ្វីមួយនឹងជួយលើកកម្ពស់ជីវិតប្រជាជនហ្វីលីពីនតែមួយទេ។ តាមដែលខ្ញុំបារម្ភ គឺវាគ្រាន់តែជាព្យុះនៅក្នុងក្អមតែប៉ុណ្ណោះ”។

លោកស្រី Duterte បានជាប់ផុងក្នុងជម្លោះដ៏ជូរចត់ជាមួយលោក Marcos និងបងប្អូនជីដូនមួយរបស់លោក ដែលជាប្រធានសភាគឺលោក Martin Romualdez ចាប់តាំងពីការដួលរលំនៃសម្ព័ន្ធភាពដ៏គគ្រឹកគគ្រេងរវាងគ្រួសារដ៏មានអំណាចទាំងពីររបស់ពួកគេ ដែលបានជួយលោក Marcos ឈ្នះការបោះឆ្នោតឆ្នាំ ២០២២ យ៉ាងភ្លូកទឹកភ្លូកដី។

សមាជិកសភាកំពុង ស៊ើបអង្កេត លើការចោទប្រកាន់ថា លោកស្រី Duterte ដែលជាកូនស្រីរបស់លោក Rodrigo Duterte អតីតប្រធានាធិបតី គឺបានប្រើប្រាស់មូល និធិសាធារណៈ ដោយមិនត្រឹមត្រូវអំឡុងពេលលោកស្រី កាន់តំណែងជាលេខាធិការអប់រំ ។ លោកស្រី Duterte ដែលលាលែងពីតំណែងគណៈរដ្ឋមន្ត្រីកាលពីខែមិថុនា បានបដិសេធការចោទ ប្រកាន់នេះ។

ជាងនេះ ទៅទៀត កាលពីថ្ងៃសៅរ៍ លោកស្រី Duterte បាននិយាយថា លោកស្រីបានជួលអ្នកធ្វើឃាត ដើម្បីសម្លាប់ប្រធានាធិបតី ប្រពន្ធ និង លោក Romualdez ដែលជាប្រធានសភា ក្នុងករណីដែលខ្លួនលោកស្រី ផ្ទាល់ត្រូវបានគេសម្លាប់ ដែលជំរុញឱ្យមានការស្តីបន្ទោស យ៉ាងខ្លាំងពីលោក Marcos ៕
ប្រែសម្រួលៈ ណៃ តុលា

To Top