ព័ត៌មានជាតិ

មជ្ឈមណ្ឌលបណ្តុះ បណ្តាលសុវត្ថិភាព និងសុខភាពការងារ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់ ការយល់ដឹង ជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងា រនៅកម្ពុជា

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោក​ ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកបណ្ឌិត អាន់ ចុងជូ (Ahn Jong-Ju) ប្រធានទីភ្នាក់ងារ សុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងលោក ណាម ហូចេ (Nam Ho-Jae) តំណាងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ។

ពិធីសម្ពោធមជ្ឈមណ្ឌល ដែលស្ថិតនៅក្នុងបរិវេណ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសមាគមនិយោជក និងកម្មករនិយោជិត ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួនជាង ២០០នាក់។

លោក​ ហេង សួរ បានថ្លែងថា តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលត្រូវបានដាក់ សម្ពោធ នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបន្តលើកកម្ពស់ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និង សុខភាពការងារឆ្នាំ២០២៣-២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យគឺ “មានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការ” និង “គ្រប់កន្លែងធ្វើការមានប្រព័ន្ធ គ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដោយអនុលោមទៅតាមបទ ដ្ឋានស្តីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ”។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា វិស័យសុវត្ថិភាព និងសុខភាពការងារ បាននិងកំពុងបន្តអភិវឌ្ឍ នៅក្នុងកម្រិតថ្មីមួយទៀត តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករនិយោជិត និងកសាងធនធានជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែង មជ្ឈមណ្ឌលនេះ មានបំពាក់សម្ភារៈ និងបរិក្ខាឧបទេសទំនើបៗ ដែលជាជំនួយដល់សិក្ខាកាម សម្រាប់ធ្វើការពិសោធន៍ផ្ទាល់ មិនត្រឹមតែមានការសិក្សា លើទ្រឹស្តីតែមួយមុខនោះទេ ដែលនេះជាចំនុចពិសេសនៃមជ្ឈមណ្ឌល ដើម្បីបង្កើនការយល់ដឹង និងកំណត់បាននូវហានិភ័យ ដែលអាចនឹងកើតមាន នៅពេលបំពេញការងារ ស្របទៅនឹងមុខវិជ្ជាផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាមុខវិជ្ជាបែបវិទ្យាសាស្ត្រ។

លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារ របស់នាយកដ្ឋានពេទ្យការងារ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍នានារួមមាន ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះ ឱ្យលេចចេញជារូបរាងឡើង។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាព ការងារកូរ៉េ ដែលបានផ្ដល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខា ដល់នាយកដ្ឋាន ពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា៕

To Top