ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្សី បើកការវាយប្រហារលើក្រុមជីហាដ ក្បែរទៅនឹងទីក្រុង Aleppo និង Idlib

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធារុស្ស៊ីបានប្រកាសថា កងកម្លាំងស៊ីរី និងរុស្ស៊ីបានសម្លាប់ក្រុមជីហាដជាង ៤០០នាក់ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅជិតទីក្រុងAleppo និងIdlib ជាការឆ្លើយតបទៅនឹងក្រុមភេរវករនេះ ដែលបានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលកាលពីថ្ងៃពុធ។

ការរាប់សាកសពត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយវរសេនីយ៍ឯក Oleg Ignatiuk អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់ស៊ីរីហើយ ការប្រកាសរបស់លោក Ignatiuk បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានអះអាងថា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានទម្លាក់គ្រាប់បែកលើគោលដៅភេរវករនៅក្នុងទីតាំងរាប់សិបកន្លែងទូទាំងខេត្ត Idlib និង Aleppo ។

គួរឲ្យដឹងដែរថាកងទ័ព​អារ៉ាប់​ស៊ីរី​បាន​អះអាង​ថា​ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ក្រុម​ជីហាដ។

ក្រុមភេរវករ Hayat Tahrir-al-Sham (HTS) ដែលពីមុនត្រូវបានគេស្គាល់ថា Jabhat al-Nusraគឺជាក្រុមដែលប្រមូលផ្តុំនៃកងជីវពលសម្ព័ន្ធមិត្ត។ ពួកបានវាយប្រហារទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធដោយបំបែកបទឈប់បាញ់ដែលបង្កើតឡើងដោយរុស្ស៊ី និងប្រទេសតួគីកាលពីក្នុងឆ្នាំ២០២០ ។

ពួកគេត្រូវបានផ្គត់ផ្គង់ និងប្រដាប់ដោយអាវុធដោយប្រយោលពីសំណាក់សហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ថាគាំទ្រដោយប្រទេសតួគី។ក្រុមJabhat al-Nusra ក៏ត្រូវបានគេស្គាល់ដែរថាគឺជាបក្សពួកដ៏សំខាន់មួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Bashar Assad កំឡុងសង្គ្រាមនៅក្នុងប្រទេសស៊ីរី៕

ប្រែសម្រួល៖ ស៊ុនលី

To Top