ព័ត៌មានអន្តរជាតិ

តើការរួមគ្នាកសាង «សហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ» មានអត្ថន័យអ្វីចំពោះពិភពលោក ?

កាលពីខែមីនាឆ្នាំ ២០១៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានលើកឡើងជាផ្លូវការនូវទស្សនៈស្តីពី «សហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ» ។ តើអ្វីទៅជាសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ? ពោលគឺស្របនឹងពេល ដែលស្វែងរកផលប្រយោជន៍សម្រាប់ប្រទេសខ្លួន ក៏ត្រូវគិតគូរពីកង្វល់របស់ប្រទេសដទៃ ក៏ដូចជារួមចំណែកដល់ការជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ក្នុងខណៈពេលដែលស្វែង រកការអភិវឌ្ឍសម្រាប់ប្រទេសខ្លួន ។

ដូចដែលយើងទាំងអស់គ្នាបានដឹង ស្រាប់ហើយថា ភពផែនដីរបស់យើងមានតែមួយគត់ ការកសាងផ្ទះរួមរបស់មនុស្សជាតិ ដែលស្រស់ស្អាតនិងឋិតថេរគង់វង្ស មិនមែនជា «កម្មសិទ្ធិផ្តាច់មុខ»ឬទំនួលខុសត្រូវ បុគ្គលរបស់ប្រទេសណាមួយនោះឡើយ ពោលគឺត្រូវមាន ការចូលរួមពីសំណាក់ប្រទេសទាំងអស់ មិនថាធំឬតូច មិនថាប្រទេសអភិវឌ្ឍន៍តិច តួចឬប្រទេសជឿនលឿននោះឡើយ ។

ទស្សនៈ«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» គឺក្នុងគោលបំណងរួបរួម កម្លាំងនិងតម្រិះប្រាជ្ញារបស់ភាគីនានាដើម្បីធ្វើការជាមួយគ្នា និងរៀនសូត្រពីអរិយធម៌ និងវប្បធម៌ទៅវិញទៅមក ដើម្បីស្វែងរកវិធីរួមរស់ជាមួយគ្នាដោយសុខដុមរមនា ជៀសវាងការកើតមានការយល់ច្រឡំ ដោយប្រការណាមួយ ដែលបណ្តាលឱ្យក្លាយជាការប្រទូសរ៉ាយគ្នា ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមើលឃើញពីសមិទ្ធផល និងផលប្រយោជន៍ជាក់ស្តែង ហេតុនេះ មានប្រទេសជាច្រើនបង្ហាញឆន្ទៈ ចូលរួមជាមួយប្រទេសចិន ក្នុងការកសាងសហគមន៍ជោគវាសនារួម ដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះ ។ ក្នុងចំណោមនោះ ប្រទេសកម្ពុជាដែលជាមិត្តដែកថែប បានមូលគំនិតជាមួយចិន ក្នុងការរួមគ្នាកសាងសហគមន៍ ជោគវាសនារួមដែលប្រកប ដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដារខ្ពស់ ។ គម្រោងសហប្រតិបត្តិការសំខាន់ៗ ក្រោមការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរគឺគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»របស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា បានកើតចេញជាផ្លែផ្កា ជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងព្រែកជីកហ្វូណនតេជោ ដែលកំពុងស្ថិតក្នុងការសាងសង់ ។ល។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ប្រទេសចិន បានបង្កើតទំនងទំនង «រួមគ្នាកសាងសហគមន៍ជោគវាសនារួម» ជាមួយប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេស កំពុងអភិវឌ្ឍន៍ច្រើន ជាងប្រទេសជឿនលឿន ដែលបានរួមចំណែកមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងនេះ ដូចជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ធ្លាប់បានលើកឡើងថា «ប្រទេសនានាលើពិភពលោកគឺស្ថិតនៅលើកប៉ាល់ធំតែមួយ ប្រសិនជាយើងចង់ឆ្លងកាត់ព្យុះភ្លៀងនិងរលកធំៗ ដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង នោះគឺត្រូវរួមចិត្តរួមកម្លាំងតែមួយ ហើយបើសិនជាមានអ្នកប៉ុនប៉ង ទម្លាក់នរណាម្នាក់ទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានឡើយ» ។

ថ្នាក់ដឹកនាំចិនបានថ្លែងជាច្រើនលើកច្រើនសាថា ចិនឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ជានិច្ច ជាសមាជិកនៃប្រទេស«សកលខាងត្បូង»ជានិច្ច នេះមានន័យថា នៅថ្ងៃអនាគត បើទោះបីជាចិនមានការវិវឌ្ឍ រីកចម្រើនដល់កម្រិតណាក្តី ក៏ចិននៅតែឈរនៅជាមួយប្រទេស កំពុងអភិវឌ្ឍន៍ទាំងឡាយ ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួម ។ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ថ្នាក់ដឹកនាំចិន បានប្រកាសពីការអនុគ្រោះពន្ធ ១០០% សម្រាប់ផលិតផលនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៣៣ ដែលមានទំនាក់ទំនងការទូតជាមួយចិន នេះគឺជាការអនុវត្តជាក់ស្តែងសម្រាប់ជំរុញ ភាពស៊ីជម្រៅនៃការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្ររវាងប្រទេសចិនជាមួយប្រទេសសកលខាងត្បូងផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសនានាបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះ នៅមានប្រទេសជាច្រើន ដែលទទួលបានលទ្ធផល ស្តួចស្តើងតែប៉ុណ្ណោះ ។ ភាពជាប់គាំងនៃការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់សកលលោក គឺដោយសារតែមាន ប្រទេស ជាច្រើនមិនទាន់បានឈាន ចូលការធ្វើទំនើបកម្ម ប្រសិនជាប្រទេសសកលខាងត្បូងទាំងអស់សុទ្ធ តែអាចសម្រេចបាននូវការធ្វើទំនើបកម្ម នោះគឺជាកម្លាំងចលករ ដ៏ធំសម្បើមសម្រាប់ជំរុញកំណើន ប្រកបដោយចីរភាព របស់ពិភពលោក ។ អាស្រ័យហេតុនេះ ការរួមគ្នាកសាងសហគមន៍ ជោគវាសនារួមគឺជារូបមន្តដ៏ មានប្រសិទ្ធភាពសម្រាប់ការ រួបរួមគ្នាឆ្លើយតប នឹងបញ្ហាប្រឈមដើម្បីចែករំលែកអនាគត ដែលមានភាពរុងរឿងថ្កុំថ្កើង ។

ល្គឹកណាដែលមនុស្សជាតិ អាចបង្កើតជាសហគមន៍ជោគវាសនារួម ក្លាយជាមហាគ្រួសារតែមួយ ដែលរួមសាមគ្គីភាពគ្នា សហការគ្នានិងចែករំលែកផលប្រយោជន៍ ជាមួយគ្នាដោយស្មោះត្រង់ និងយុត្តិធម៌ ល្គឹកនោះភពផែនដី ដែលជាផ្ទះរួមរបស់មនុស្សជាតិយើងនឹងកាន់តែមានភាពល្អ ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top