គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោក កំពុងស្វែងរកការបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ីនៅដំណាក់កាលដំបូង និងការប្រគលត្រឡប់មកវិញនូវផ្នែកខ្លះ នៃទឹកដីរបស់ខ្លួន ដោយទីក្រុងមូស្គូ តាមរយៈការទូត បន្ទាប់ពីសមាជិកភាពណាតូ របស់ទីក្រុងគៀវ ក្លាយជាភាពប្រាកដនិយម។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូនៅវិមានប្រធានាធិបតី ក្នុងទីក្រុងគៀវ លោក ហ្សេឡិនស្គី ក៏បានឲ្យដឹងផងដែរថា ទាហានកូរ៉េខាងជើង ដែលដាក់ពង្រាយនៅភាគខាងលិច នៃប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយទីក្រុងមូស្គូ ក្នុងសង្គ្រាមត្រូវបានសម្លាប់ ហើយវាស្ទើរតែប្រាកដណាស់ថា ពួកគេនឹងត្រូវប្រើជា “ចំណីកាណុងកាំភ្លើង” នៅជួរមុខនៃជម្លោះ ។
ជាមួយនឹងប្រទេសរុស្ស៊ី បានឈានទៅមុខកាន់តែលឿន នៅតំបន់ភាគខាងកើតនៃអ៊ុយក្រែន លោក ហ្សេឡិនស្គី បានលើកឡើងថា ការគាំទ្រសម្រាប់ប្រទេស របស់គាត់ពីដៃគូរបស់ខ្លួនគឺ “មិនគ្រប់គ្រាន់នោះទេ” ហើយបានជំរុញឱ្យអង្គការណាតូអញ្ជើញ ទីក្រុងគៀវ សម្រាប់កិច្ចពិភាក្សាសមាជិកភាពជាមួយ សម្ព័ន្ធមិត្តយោធាឆ្លងអាត្លង់ទិក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ឆ្លើយតបទៅនឹងសំណួរទាំងអស់ ជាភាសាអ៊ុយក្រែន លោកបានសារភាពដោយត្រង់ថា វាពិតជាលំបាកណាស់ក្នុងការដណ្តើម យកមកវិញដោយកម្លាំង ផ្នែកខ្លះដែលកាន់កាប់ដោយរុស្សី រួមទាំងតំបន់គ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ២០១៤។ លោកបានបន្ដថា “កងទ័ពរបស់យើងខ្វះកម្លាំងក្នុងការធ្វើរឿងនោះ។ នោះគឺជាការពិត ។ យើងត្រូវតែស្វែងរកដំណោះស្រាយការទូត”។
ប៉ុន្តែលោកបានបន្តថា ជំហានបែបនេះ អាចត្រូវបានគេចាត់ទុកថា «បានតែនៅពេលដែលយើងដឹងថា យើងមានកម្លាំងគ្រប់គ្រាន់» ដែលរុស្ស៊ីមិនអាចបើកការឈ្លានពានថ្មី ប្រឆាំងនឹងអ៊ុយក្រែនបានឡើយ។ លោក ហ្សេឡិនស្គី ដែលបន្តមើលឃើញសមាជិកភាពរបស់អង្គការណាតូថា មិនអាចខ្វះបានសម្រាប់សន្តិសុខ និងវិបុលភាពរបស់អ៊ុយក្រែន បានគូសបញ្ជាក់ថា សង្រ្គាមបានឈានចូលដល់ “រយៈពេលដ៏ស្មុគស្មាញ” ៕
ប្រែសម្រួល ឈូក បូរ៉ា