ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រង ការតាំងទីលំនៅ Ilyinka និង Petrovka នៅក្នុងតំបន់ Donetsk ។
ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីយប់កន្លងទៅនេះ ប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន២៩គ្រឿង នៅក្នុងតំបន់ Bryansk, Kaluga, Smolensk និងនៅ Kursk ។
ទន្ទឹមនឹងនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអាទិត្យ នៅលើបណ្តាញសង្គម Telegram ថា យន្តហោះគ្មានមនុស្សបើកវាយប្រហាររបស់រុស្ស៊ីជាង៣០គ្រឿង ត្រូវបានបាញ់ទម្លាក់ពេញមួយយប់ ដោយបន្ថែមថា រុស្ស៊ីបានប្រើប្រាស់ គ្រាប់បែកពីលើអាកាស ជាង៥០០ គ្រាប់ យន្តហោះគ្មានមនុស្ស បើកវាយប្រហារ ជិត៦០០គ្រឿង និងមីស៊ីលប្រហែល១២០ ប្រភេទផ្សេងៗគ្នា ប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ។
យោងតាមការគណនា របស់សារព័ត៌មាន TASS ដោយផ្អែកលើរបាយការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ី បានដណ្តើមយកការតាំងទីលំនៅចំនួន៨៨ កន្លែងនៅក្នុងតំបន់ Donetsk, Lugansk, Zaporizhzhia, Kursk និង Kharkov នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា