ព័ត៌មានជាតិ

ផ្តន្ទាទោសស្រ្តីហ្វីលីពីន ១៣នាក់ ដាក់ពន្ធនាគារ ៤ឆ្នាំក្រោយពពោះជំនួស

ភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាលបានសម្រេចដាក់ ពន្ធនាគារស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន (ពពោះជំនួស) ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នាថ្ងៃ២ ធ្នូបានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។

កាលពីថ្ងៃ២៨ និង២៩វិច្ឆិកា តុលាការបានចាត់ការលើ សំណុំរឿងពាក់ព័ន្ធនឹងករណី ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន និងករណីសមគំនិតក្នុងបទប៉ុនប៉ង ក្នុងអំពើលក់-ជួរមនុស្ស សម្រាប់នាំឆ្លងដែនលើស្តី្រជនជាតិហ្វីលីពីន១៣ នាក់ដែលមានជនជាប់ចោទជាស្ត្រីជនជាតិខ្មែរចំនួន ១នាក់ដែរ។

ចំពោះជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារដើម្បីមើលថែ ស្ត្រីជនជាតិហ្វីលីពីនត្រូវបានតុលាការសម្រេច៖ ១.កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទ ក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែនផ្តន្ទាទោសជនជាប់ចោទ និងកំណត់រយៈពេល៦ខែ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ខែ។

បើតាមអ្នកនាំពាក្យដដែល បទល្មើសនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ស្ត្រីដែលបានសម្រាលកូន (ពពោះជំនួស) គឺជាម្តាយរបស់កូន។ ប៉ុន្តែ ក្នុងករណីសំណុំរឿងខាងលើនេះ មាន ភស្តុតាងច្បាស់លាស់ និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិ ហ្វីលីពីនទាំង១៣នាក់នេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារកក្នុងគោលបំណងលក់-ដូរ ទៅឲ្យអ្នកទីបី ជាថ្នូរនឹងប្រាក់ដែលអំពើនេះត្រូវកំណត់ថា ជាបទល្មើសលក់-ដូរមនុស្ស។ ហេតុដូច្នេះ ស្ត្រី ដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូន ដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើស តាមច្បាប់កម្ពុជា៕

To Top