ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន បង្ហាញក្តីបារម្ភខ្លាំង ចំពោះវត្តមាននាវាមុជទឹក វាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង

AFP

បរទេស ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយកាលពីថ្ងៃចន្ទថា វត្តមានរបស់នាវាមុជទឹក វាយប្រហាររុស្ស៊ីនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូងគឺ “គួរឱ្យព្រួយបារម្ភខ្លាំងណាស់” ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Marcos បានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅលើផ្នែកមួយនៃសមុទ្រចិនខាងត្បូង នៅក្នុងតំបន់ដែនសមុទ្រហ្វីលីពីនថា “នោះជារឿងដែលគួរឱ្យព្រួយបារម្ភ។

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន គឺលោក Roy Vincent Trinidad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា នាវាមុជទឹកប្រភេទ Kilo-class របស់រុស្ស៊ីត្រូវបានគេមើលឃើញចម្ងាយ ៨០ ម៉ាយពីខេត្តភាគខាងលិចនៃ Occidental Mindoro កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។

នាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន Jose Rizal បានបង្កើតទំនាក់ទំនងតាមវិទ្យុជាមួយនាវាមុជទឹករុស្ស៊ី ដែលបានបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនជា UFA 490 និងគោលបំណងរបស់នាវាមុជទឹកនោះ។

លោក Trinidad បាននិយាយថា “នាវារុស្ស៊ីបាននិយាយថា ខ្លួនកំពុងរង់ចាំលក្ខខណ្ឌអាកាសធាតុប្រសើរឡើង មុនពេលបន្តទៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី” ។ លោក Trinidad បាននិយាយដោយមិនបានបញ្ជាក់លម្អិត អំពីមូលហេតុដែលនាវារុស្ស៊ីស្ថិតនៅក្នុងតំបន់នោះ។

លោកបានបន្ថែមថា កងកម្លាំងជើងទឹកហ្វីលីពីន បានអមដំណើរនាវាមុជទឹកនេះ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិដែនសមុទ្រ។ យ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីនៅទីក្រុងម៉ានីល មិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ៕

To Top