ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ខិតខំគ្រប់បែបយ៉ាងសំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជនមានពិការភាព គ្រប់សកម្មភាព។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាឱកាសអញ្ជើញជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមធ្វើជាអធិបតីភាពក្នុងទិវា «ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខ័ណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងសំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជនមានពិការភាពគ្រប់សកម្មភាព ការលើកកម្ពស់ការងារ និងធុរកិច្ច តាមបរិការណ៍នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងរក្សាលំនឹងជីវភាព និងសេដ្ឋកិច្ចផងដែរ»។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនជនពិការភាពចំនួន ២ ៦៥០នាក់ ក្នុងមួយនាក់ៗ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល, អ្នកមើលថែកុមារមានពិការភាពចំនួន ៣៥០នាក់ ក្នុងមួយនាក់ៗទឹកប្រាក់ចំនួន ៥ម៉ឺនរៀល, សិស្ស និស្សិតវិទ្យាស្ថានជាតិសង្គមកិច្ច យុវជនកាយរឹទ្ធិរៀមច្បង យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣០០នាក់ ក្នុងមួយនាក់ៗជូនចំនួន ២ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ចំនួន ៥០នាក់ ក្នុងមួយនាក់ៗ ជូនទឹកប្រាក់ចំនួន ១០ម៉ឺនរៀល និង គណៈកម្មការរៀបចំអង្គពិធីចំនួន ១លានរៀល៕